ព័ត៌មានទាន់ហេតុការណ៍៖

សុីម៉ាក់ ៖ ប៉ាន់ស្មាននៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រីកុសុមៈ អាចមានចំនួនរាប់ពាន់គ្រាប់ទៀត ដែលនៅថ្ងៃនេះបានជួប២រណ្តៅ សម្បូរដោយគ្រាប់B40និងគ្រាប់DK75

ចែករំលែក៖

ខេត្តក្រចេះ ៖ នៅថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ បានចុះពិនិត្យការងារបោស សម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម ដែលកម្លាំងជំនាញអង្គភាពស៊ីម៉ាក់កំពុងបំពេញកិច្ច ប្រតិបត្តិការ មានទីតាំងស្ថិតនៅក្នុងបរិវេណសាលាវិទ្យាល័យព្រះមហាក្សត្រីកុសុមៈ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

ផ្អែកតាមព័ត៌មានពីសាក្សីដែលធ្លាប់បានឃើញនិងរស់នៅក្បែរៗសាលានេះបានឱ្យដឹងថា ទីតាំងវិទ្យាល័យព្រះមហាក្សត្រីកុសុមៈនេះ ជាទីតាំងសាលារៀនចាប់តាំងពីសម័យសង្គមរាស្ត្រនិយម ប៉ុន្តែក្នុងសម័យសង្គ្រាមនិងខ្មែរក្រហម(១៩៧៥-ដើមឆ្នាំ១៩៧៩) ទីតាំងសាលាក៏ បានប្រែក្លាយជាបន្ទាយកងទ័ពខែ្មរក្រហម។ ក្រោយថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ទីតាំងនេះបន្តប្រើធ្វើជាបន្ទាយរហូតដល់ឆ្នាំ១៩៨៧ ទើបប្រគល់អតីតបន្ទាយទាហាននេះមកឲ្យអាជ្ញាធរខេត្តក្រចេះដើម្បីប្រើប្រាស់ធ្វើជាសាលារៀនវិញ។ 

តាមព័ត៌មានទទួលបាននិងការបញ្ជាក់សញ្ញាកំណត់ទី តាំងគ្រាប់កប់ក្នុងដីបានឱ្យកំណត់ថា មានចំនួន៥រណ្តៅនិងមានគ្រាប់ មួយចំនួនទៀតស្ថិតនៅរាយប៉ាយក្នុងបរិវេណសាលាទាំងមូល។ អង្គភាពស៊ីម៉ាក់បានដាក់កំលាំងជំនាញអាវុធជាតិផ្ទុះ ក្រុមគ្រឿងចក្រនិងក្រុមជំនាញបោសសំអាតគ្រប់ សំដៅបញ្ចប់ការបោសសម្អាតគ្រាប់យុទ្ធភណ្ឌជាសំណល់សង្គ្រាមឱ្យបានឆាប់បំផុតដើម្បីធានាសុខសុវត្ថិភាពក្មួយៗនិងអាចបានចូលរៀនវិញ។ 

សូមបញ្ជាក់ថាកម្លាំងប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់បានរុករកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមគ្រប់ប្រភេទសរុបជាង២.១០០គ្រាប់ ដោយបានកំទេចចោលប្រកបដោយសុវត្ថិភាព។ ជាមួយគ្នានេះដែរ កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ក៏បានសូមអរគុណគណៈគ្រប់គ្រងសាលា ដែលបានផ្អាកការសិក្សារៀនសូត្ររបស់សិស្សានុសិស្សមួយរយៈ ក្នុងន័យរក្សាបាននូវសុខសុវត្ថិភាព និងទុកលទ្ធភាពឱ្យមន្ត្រីជំនាញអាចដំណើរ ការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះទាំងនោះ។ 

តាមការប៉ាន់ស្មានអាចមានចំនួនរាប់ពាន់គ្រាប់ទៀត ដែលនៅថ្ងៃនេះបានជួប២រណ្តៅ ដែលសម្បូរដោយគ្រាប់B40និងគ្រាប់DK75៕

ដោយ៖ សហការី


ចែករំលែក៖