ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា៖ នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ ការប្រមូលចំណូលប្រភេទពន្ធ-អាករគ្រប់ប្រភេទ បានចំនួនជាង ៩ ៣៦៧ប៊ីលានរៀល ត្រូវប្រមាណជាង ២ ៣១២ លានដុល្លារ ស្មើជាង ៦៤ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
របាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលប្រចាំខែ កក្កដា និងរយៈពេល៧ខែឆ្នាំ២០២៣ថា លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ ក្នុងខែ កក្កដា ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានមានចំនួនជាង ៩៧៣ ប៊ីលានរៀល ត្រូវប្រមាណជាង ២៤០ លានដុល្លារ ស្មើនឹង ៦,៧៣% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ដោយឡែកក្នុងរយៈពេល ៧ខែនេះដែរ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានមានចំនួនជាង ៩ ៣៦៧ ប៊ីលានរៀល ត្រូវជាង ២ ៣១២ លានដុល្លារ ក្នុងនោះបើធៀបរយៈពេល ៧ ខែ និងឆ្នាំ២០២២ បានធ្លាក់ចុះប្រមាណ ២១ ភាគរយ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញនូវសកម្មភាពប្រមូលចំណូលសំខាន់ៗមួយចំនួន បានថយចុះ ជាក់ស្តែងក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ក្នុងនោះកម្មន្តសាលភេសជ្ជៈ ឬផលិតភេសជ្ជៈ ថយចុះជាង ១១ ភគរយ, អចលនទ្រព្យ ជិត ៧ ភាគរយ, ការសាងសង់ ជាង ២ ភាគរយ, ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ បានថយចុះជាង ២៦ ភាគរយផងដែរ។
សូមជម្រាបថា ជុំវិញការប្រមូលចំណូលនេះដែរ តាមរយៈស្ថានភាពនៃចំណូលពន្ធសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣៕
ដោយ៖សហការី