ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្ស​០២នាក់​ ពាក់ព័ន្ធ​ករណីគ្រឿងញៀនខុសច្បាប់​២ករណីផ្សេងគ្នា

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅថ្ងៃទី១៨​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ស្រុកចំនួនពីរ​ នៃស្នងការដ្ឋាននគរបាលខេត្ត​ បានចុះស្រាវជ្រាវ​ឃាត់ខ្លួន​មុខសញ្ញាគ្រឿងញៀនពីរនាក់​ ម្នាក់ពាក់ព័ន្ធរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ករណី និងម្នាក់ទៀត​ពាក់ព័ន្ធ​ករណី​ប្រេីប្រាស់គ្រឿងញៀន​។ 

ករណី​ទី១, កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាស ប៉ុស្តិ៍ត្រែង និងប៉ុស្ដិ៍អណ្តើកហែប នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល កាលពី​រសៀល​ថ្ងៃទី១៧ ខែសីហាម្សិលមិញនេះ​ ដឹកនាំដោយលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង​ នៅចំណុចភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ 

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ តុន ភារៈ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០២ថង់ ។ ទូរសព្ទម៉ាក oppoពណ៌ខ្មៅ ចំនួន០១គ្រឿង ។ បំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០១ ។

ករណី​ទី២, កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ នៅថ្ងៃទី១៧ ខែសីហា នៅចំណុចភូមិព្រែកស្នោរ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានចុះបង្រ្កាបបានឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ឈ្មោះ រ៉េន ស្រីនិច ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រែកស្នោរ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

បច្ចុប្បន្ន ជនសង័្សយឈ្មោះ តុន ភារៈ​ រួមនិងវត្ថុតាងកម្លាំងនគរបាលស្រុករតនមណ្ឌល កំពុងរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តនីតិវិធី -ច្បាប់។ ចំណែក​ជនសង្ស័យ​ទី២ឈ្មោះ រ៉េន ស្រីនិច បានកសាងសំណុំរឿងបញ្ជូនទៅមណ្ឌលកែប្រែជីវិតថ្មីភ្នំបាក់ ខេត្តបន្ទាយមានជ័យ ដើម្បីបន្សាបគ្រឿងញៀនតាមបណ្តឹងនិងសំណូមពររបស់ក្រុមគ្រួសារនិងអាណាព្យាបាល៕

ដោយ​៖ សហការី​


ចែករំលែក៖