ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ បានបើកសវនាការជំនុំជម្រះផ្ទាល់ ដោយសម្រេចធ្វើការឃុំខ្លួនលើជនត្រូវចោទម្នាក់ ដែលស្ថាប័នអយ្យការចាប់តាមដីកាបញ្ជាឲ្យចូលខ្លួន ពាក់ព័ន្ធពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។
ជនត្រូវចោទមាន ឈ្មោះ ផៃ ប៊ុនធឿន ភេទប្រុស អាយុ៥៧ ឆ្នាំ មានទីលំនៅមុនចាប់ខ្លួនភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនត្រូវចោទឈ្មោះ ផៃ ប៊ុនធឿន ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃចាប់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ចែ សុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
នៅពេលសមត្ថកិច្ចនាំខ្លួនជនត្រូវចោទប្រគល់ជូនដល់ដៃតំណាងអយ្យការ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះផ្ទាល់ ដើម្បីសម្រេចឃុំខ្លួនឬមិនឃុំខ្លួន ទីបំផុតតុលាការសម្រេចឃុំខ្លួនជនត្រូវចោទដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។
ជាការកត់សម្គាល់ឃើញថា លោក ផៃ ប៊ុនធឿន ជាពាណិជ្ជករម្នាក់រស់នៅក្នុងភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល លោកជាអ្នកប្រកបមុខរបរចិញ្ចឹមសត្វក្រពើ ។ លោក ផៃ ប៊ុនធឿន ក៏ធ្លាប់ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធ ស.ជ.ណ ។ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ចៅ ក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានចេញដីកាបង្គាប់ឲ្យនាំខ្លួន លោក ផៃ ប៊ុនធឿន ដោយជននេះត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករអាចជួញដូរបាន ប្រព្រឹត្តនៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ តាមមាត្រា ២៣១ កថាខណ្ឌចំណុចទី៣ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។
តែទោះជាយ៉ាងណាក្តី ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការផ្ទាល់សម្រេចឃុំខ្លួនលោក ផៃ ប៊ុនធឿន ពេលនេះ ជាការឃុំខ្លួនបណ្តោះអាសន្នដើម្បីស៊ើបអង្កេតបន្ត មុនជំនុំជម្រះលើអង្គសេចក្តី ពាក់ព័ន្ធករណី.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ៕
ដោយ ៖ រ៉ារ៉ា