ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក MORINAGA TARO ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក MORINAGA TARO នាយកវិទ្យាស្ថានអាស៊ី និងចុងបូព៌ារបស់អង្គការសហប្រជាជាតិ សម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការប្រព្រឹត្តចំពោះជនល្មើស (UNAFEI) និងគណៈប្រតិភូនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ 

សូមបញ្ជាក់ថា : ទីស្តីការក្រសួងយុត្តិធម៌៖ នាថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ម្សិលមុិញ នេះ, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក MORINAGA TARO ជានាយក  UNAFEI និងគណៈប្រតិភូនៃ UNODC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

កិច្ចពិភាក្សានៅក្នុងជំនួបនេះ បានផ្តោតសំខាន់លើការងារមួយចំនួនដែលពាក់ព័ន្ធនឹងការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ ជាមួយនឹង UNAFEI និងUNODC ទៅលើផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ។

ថ្លែងក្នុងជំនួបនេះ, លោក MORINAGA TARO បានថ្លែងអំណរគុណចំពោះក្រសួងយុត្តិធម៌ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ ផ្នែកច្បាប់នៅក្នុងវិស័យព្រហ្មទណ្ឌ  ហេីយលោកបានបន្តលើកឡើងថា UNAFEI សហការជាមួយ  UNODC បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រទៅលេីការអនុវត្តប្រព័ន្ធដោះលែងដោយមានលក្ខខណ្ឌ រួមទាំងបន្តការគាំទ្រកម្មវិធីក្នុងរយៈពេលវែងផងដែរ ។

មានប្រសាសន៍ក្នុងឱកាសជំនួបនេះ, លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះ UNAFEI និង UNODC ដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងយុត្តិធម៌នាពេលកន្លងមកផងដែរ។ ទន្ទឹមនេះ, លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ និងស្នើឱ្យ UNAFEI និង UNODC ពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការទៅលើ (១)-ការដោះលែងដោយមានលក្ខខណ្ឌ និង (២)-ទោសការងារសហគមន៍ ដោយដាក់ចេញជាយន្តការអនុវត្តបន្ថែមទៀត៕

ដោយ ៖ សហការី


ចែករំលែក៖