ខេត្តកណ្ដាល៖ បុរសម្នាក់បានយកពូថៅដែលនៅក្បែរខ្លួនកាប់ទៅលើបុរសម្នាក់ទៀតបណ្តាលឱ្យរងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ ដោយសារតែបុរសរងគ្រោះនេះសួរពាក្យច្រំដែលៗពីរឿងអោយសងក្បាលម៉ាយក្រូហ្វូន បន្ទាប់ពីផឹកស៊ីច្រៀងលេងជាមួយគ្នាបានមួយសន្ទុះមក ។ករណីនេះបានកើតឡើងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៥និង ៥០នាទី ក្នុងភូមិត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ វឿន វីន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ រស់នៅភូមិត្រពាំងទន្លាប់ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ចំណែកជនសង្ស័យឈ្មោះ ម៉ាត សល់ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិមង្គលបុរី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖ ១-ពូថៅចំនួន០១ ដងឈើប្រវែង០៣តឹក ,២-ទូរស័ព្ទម៉ាកOPPOA17 ពណ៌ទឹកសមុទ្រ ចំនួន០១គ្រឿង ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនសង្ស័យបានអង្គុយផឹកទឹកត្នោតជូរជាមួយបងប្អូនជីដូនមួយមានគ្នា០៣នាក់នៅកន្លែងលក់គ្រឿងក្លែម០១កន្លែងត្រង់ចំណុចកើតហេតុខាងលើអស់ទឹកត្នោតជូរប្រហែល០២លីត្រ។ លុះដល់វេលាម៉ោងកើតហេតុជនរងគ្រោះត្រឡប់មកពីធ្វើការសំណង់ដោយជិះម៉ូតូឌុបគ្នា០២នាក់មិត្តភក្តិ ហើយក៏មានធុងបាស់(ស្ពីកឃ័រ)យកមកជាមួយផងដែរ រួចក៏បានចូលទៅផឹកទឹកត្នោតជូររួមគ្នាជាមួយនឹងជនសង្ស័យតែម្តង ។ បន្ទាប់មកជនរងគ្រោះបានចាក់ធុងបាស់ច្រៀងខារ៉ាអូខេរួមគ្នាម្នាក់០១បទ ពេលដល់វេនបងជីដូនមួយរបស់ជនសង្ស័យច្រៀង ស្រាប់តែជនសង្ស័យដេញឱ្យទៅផ្ទះ តែមិនស្តាប់ ពេលនោះជនសង្ស័យក៏បានធាក់ទៅលើបងជីដូនមួយដែលកំពុងច្រៀងមួយជើងក៏របូតក្បាលមេក្រូហ្វូនជ្រុះទៅដីបណ្តាលឱ្យបែក ។ ពេលនោះជនរងគ្រោះក៏និយាយស្តីឱ្យជនសង្ស័យថា ត្រូវតែទិញក្បាលមេក្រូហ្វូនសងខ្ញុំវិញមក ហើយជនសង្ស័យបាននិយាយតបវិញថាចាំទិញសង តែជនរងគ្រោះនៅតែបន្តនិយាយដដែលៗពេក ភ្លាមនោះជនសង្ស័យខឹងបានចុះពីលើគ្រែដើរទៅយកពូថៅនៅក្រោមកែបម៉ូតូរបស់ខ្លួនទុកសម្រាប់បោះស្នឹងគោមកកាប់ទៅលើជនរងគ្រោះចំកណ្តាលក្បាលបណ្ដាលឲ្យបែកហូរឈាមជាច្រើន ហើយជនសង្ស័យក៏រត់គេចខ្លួនចូលផ្ទះអ្នកភូមិ។ បន្ទាប់មកក៏មានអ្នកជិតខាងជួយឃាត់ខ្លួននិងរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍សំរោងលើ ។ ក្រោយពីទទួលបានព័ត៌មានហើយ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុហើយឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំនិងបន្តតាមនីតិវិធីច្បាប់។
បច្ចុប្បន្នជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈហៅពេទ្យលោកសង្ឃ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន ពិតជាបានយកពូថៅកាប់ទៅលើជនរងគ្រោះប្រាកដមែន។
ចំពោះករណីនេះ កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស្អាងជ័យ