ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនជនសង្ស័យជាជនជាតិវៀតណាម១០នាក់និងថ្នាំញៀនជាង ៣គីឡូក្រាមទៅតុលាការខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានអោយដឹងនៅព្រឹកថ្ងៃទី២០ខែសីហាឆ្នាំ២០២៣នេះថា ជនសង្ស័យជាជនជាតិវៀតណាម ១០នាក់និងថ្នាំញៀនជាង៣គីឡូក្រាម ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការខេត្តស្វាយរៀងពាក់ព័ន្ធករណីជួញដូរ រក្សាទុកប្រើប្រាស់គ្រឿងញៀន និងរក្សាទុកអាវុធគ្រាប់រំសេវខុសច្បាប់ ។

    សមត្ថកិច្ចបញ្ជាក់ទៀតថា អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកប្រើប្រាស់គ្រឿងញៀន និងរក្សាទុកអាវុធគ្រាប់រំសេវខុសច្បាប់ នៅចំណុចទីតាំងហាងខារ៉ាអូខេ (MDM.KTV) ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន ១០នាក់ (ស្រី៣នាក់) ព្រមទាំងដកហូតវត្ថុតាងមួយចំនួនធំ។

    ប្រភពបន្តថា វត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន៖ ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ១៩៤៨.៩៥ក្រាម ថ្នាំញៀនប្រភេទអ៉ិចស្តាសុីទម្ងន់១៣៣២.៧៧ក្រាម, ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៥១៧.០៦ក្រោម (សារធាតុញៀនសរុបទម្ងន់ ៣គីឡូ ៧៩៩.៣២ក្រាម) ជញ្ជីងថ្លឹងថ្នាំញៀន២គ្រឿង, ទូរស័ព្ទ៩គ្រឿង, រថយន្ត២គ្រឿង, អាវុធ៣ដើម (AKស្វាយបត់១ដើម គ្រាប់១៧គ្រាប់, K59 ចំនួន១ដើមគ្រាប់៤គ្រាប់ និងឡុក០១ដើមគ្រាប់ ៥៤គ្រាប់) ព្រមទាំងឧបករណ៍សម្ភារពាក់ព័ន្ធបទល្មើសមួយចំនួនទៀត៕  

ដោយ៖ សុថាន


ចែករំលែក៖