សារព័ត៌មាន AFPបានផ្សាយថា អង្គការសហប្រជាជាតិបានថ្កោលទោសយ៉ាងខ្លាំងលើការវាយប្រហាររបស់រុស្ស៉ីលើទីក្រុងឆែរនីហ៉ីវ (Chernihiv) ស្ថិតនៅភាគឦសាននៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍ ទី១៩ ខែសីហា ដែលបានផ្ដាច់ជីវិតមនុស្ស៧នាក់ និងច្រើនជាង១០០នាក់រងរបួស។
ការវាយប្រហាររបស់រុស្ស៉ីលើទីក្រុងឆែរនីហ៉ីវ (Chernihiv) ធ្វើឡើងចំពេលនៃពិធីបុណ្យមួយរបស់អ្នកកាន់សាសនាគ្រិស្តនិកាយអូតូដុក ដោយប្រជាជនអ៊ុយក្រែនមួយចំនួននាំគ្នាទៅព្រះវិហារក្នុងទីក្រុងនេះ នៅពេលព្រឹកដើម្បីអធិដ្ឋាន។ លោកស្រី Denise Brown ជាអ្នកសម្របសម្រួល UN សម្រាប់អ៊ុយក្រែន បានចាត់ទុក ការវាយប្រហាររបស់រុស្ស៉ីជាការវាយប្រហារដ៏ឃោរឃៅ។ លោកស្រីបានបញ្ជាក់ដូច្នេះថា «នេះជាការវាយប្រហារដ៏ឃោរឃៅលើទីកន្លែងដ៏សំខាន់នៃទីក្រុងដ៏ធំមួយ នៅពេលព្រឹក ខណៈដែលមនុស្សម្នាកំពុងដើរ និងអ្នកខ្លះទៀតធ្វើដំណើរទៅកាន់ព្រះវិហារដើម្បីប្រារព្ធពិធីសាសនា… ខ្ញុំថ្កោលទោសការវាយប្រហារម្ដងហើយម្ដងទៀត របស់រុស្ស៉ីលើតំបន់ទីប្រជុំជនក្នុងប្រទេសអ៊ុយក្រែន… ការវាយប្រហារដោយផ្ទាល់លើជនស៊ីវិលឬហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានហាមឃាត់ជាដាច់ខាត នៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិ»។
ការវាយប្រហាររបស់រុស្ស៉ីលើទីក្រុងឆែរនីហ៉ីវ (Chernihiv) ស្ថិតនៅភាគឦសាននៃប្រទេសអ៊ុយក្រែន កាលពីថ្ងៃសៅរ៍បានផ្ដាច់ជីវិតមនុស្ស៧នាក់ និងច្រើនជាង១២៩នាក់រងរបួស ក្នុងនោះរួមមានទាំងកុមារ១៥នាក់ និងមន្ត្រីប៉ូលិស១៥នាក់៕ ដោយ៖ ធីរីណា
រូបថត៖ RT