ខេត្តកោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅថ្ងៃអាទិត្យទី២០ ខែសីហា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ករណីមនុស្សស្លាប់ដោយសារលង់ទឹក នៅឃុំប៉ាក់ខ្លង ខណៈជនរងគ្រោះពាក់ទុយោខ្យល់អុកស៊ីសែន ចុះបិទទូកក្នុងទឹកសមុទ្រតែម្នាក់ ស្រាប់តែអស់អុកស៊ីសែន បណ្ដាលឱ្យដាច់ខ្យល់លង់ទឹកស្លាប់។
របាយការណ៍ដដែលបន្តថា ក្រោយពីទទួលព័ត៌មានរួច កម្លាំងអធិការដ្ឋាន បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌបច្ចេកទេស និងគ្រូពេទ្យខេត្ត ដឹកនាំដោយលោក វ៉ៃ ភីរម្យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង កាលពីរសៀលម្សិលមិញនេះ បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យសាកសព ឈ្មោះ គ្រុយ ប៊ុនឃឿន (ហៅតាក់) ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ កម្មករយាមទូក ជនជាតិថៃឥសាន មានទីលំនៅស្នាក់នៅលើទូក ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា មូលហេតុ ជនរងគ្រោះបានពាក់ទុយោខ្យល់អុកស៊ីសែន ចុះទៅបិទទូកដែលលិចនៅក្នុងទឹកបណ្ដាលឲ្យអស់អុកស៊ីសែន ដាច់ខ្យល់លង់ទឹកស្លាប់តែម្ដង ផ្នែកជំនាញនិងគ្រូពេទ្យពិនិត្យសាកសព សន្និដ្ឋានថាពិតជាលង់ទឹកស្លាប់ប្រាកដមែន។
ក្រោយពីពិនិត្យសាកសរួច ផ្នែកជំនាញបានប្រគល់សពឱ្យទៅឈ្មោះ ឌុក ស្រ៊ អាជ្ញាធរក្រុមប្រឹក្សាឃុំបាក់ខ្លង យកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សហការី