ព័ត៌មានទាន់ហេតុការណ៍៖

ជនត្រូវចោទម្នាក់ក្នុងករណីគ្រឿងញៀន​ ត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តដីកា​តុលាការខេត្ត​បាត់ដំបង​

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងនៅថ្ងៃ​អាទិត្យទី​២០​ ខែសីហា​ ឆ្នាំ​២០២៣នេះថា​ កម្លាំងនគរបាលស្រុកសំពៅលូន​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីគ្រឿងញៀននៅក្នុងមូលដ្ឋាន​ ដោយអនុវត្តដីកាបង្គាប់ឱ្យចាប់​ខ្លួនរបស់​ចៅក្រម​សាលាដំបូង​ខេត្ត​។ 

យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាននគរបាលស្រុក​សំពៅ​លូន​ បានឱ្យដឹងថា​ ​ករណីឃាត់ខ្លួនជន​ជាប់ចោទរូបនេះ​ បានធ្វេី​ឡើង​កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១០ និង២០នាទី ស្ថិតនៅចំណុចក្រុមទី០៣ ភូមិកូនភ្នំខាង​ជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ 

 បេីតាមការ​បញ្ជាក់ពី​លោកវរសេ​នី​យ៍ទោ​ ទឹម​ វិឆ័យ​ អធិការនគរបាលស្រុកសំពៅលូន​ បានឱ្យដឹងថា​ លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៥៦២ ពស .ព្រស ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ​២០​២៣ របស់លោក ជួន សុរាសី ចៅ​ស៊ើសួរ នៃសាលា​ដំបូងខេត្តបាត់​ដំបងដោយចាប់ជនជាប់ចោទចំនួន ០១​នាក់ឈ្មោះ ភន សុគុន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅ​លូន​ខេត្តបាត់ដំបង ជាប់ចោទពីបទជួញ​ដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

បច្ចុប្បន្ន​ជនត្រូវចោទខាងលើសមត្ថកិច្ចបាននិងកំពុងរៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធីហេីយ៕

ដោយ​៖ សហការី


ចែករំលែក៖