ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា, ទូលព្រះបង្គំយើងខ្ញុំជាតំណាងរាស្រ្ត សូមក្រាបថ្វាយបង្គំ និងសម្តែងថ្វាយនូវកត្តញ្ញូកត្តវេទីថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតបើកសម័យប្រជុំលើកដំបូងនៃរដ្ឋសភា នីតិកាលទី៧។
លោក ហ៊ុន ម៉ានី បានលើកឡើងថា, ព្រះរាជវត្តមានដ៏ថ្លៃថ្លាបំផុតនេះ គឺជាការប្រោះព្រុំពរជ័យប្រទានដល់ស្ថាប័ននីតិបញ្ញត្តិក្នុងការចាប់ផ្តើមបេសកកម្មរបស់ខ្លួន។
លោកថ្លែង បន្តថា, ទូលព្រះបង្គំជាខ្ញុំនឹងចងចាំព្រះរាជឱង្ការផ្តាំផ្ញើដ៏ថ្លៃថ្លាបំផុតនៃអង្គព្រះករុណាថ្លៃវិសេស ដែលឱ្យតំណាងរាស្រ្តត្រូវទាំងអស់ខិតខំយកអស់សមត្ថភាពដើម្បីបម្រើជាតិ និងប្រជាជន។
ព្រះរាជសុន្ទរកថារបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៧ មានព្រះរាជឱង្ការថា, ចាប់តាំងពីពីឆ្នាំ១៩៩៣ រដ្ឋសភាចាប់ផ្តើមអាណត្តិទី១ ដល់ទី៦ រយៈពេល ៣០ឆ្នាំ កម្ពុជា ដែលធ្លាប់បែក បែងចែកទឹកដី ក្លាយជាប្រទេសមាន សន្តិភាព ស្ថេរភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ រីកចម្រើន រុងរឿង ៕
ដោយ ៖ សិលា