ភ្នំពេញ ៖ រថយន្តដឹកសុីម៉ងត៍មួយគ្រឿងបើកបរក្នុងល្បឿនលឿនជាន់ហ្វ្រ័ងមិនជាប់រេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវក្រឡាប់សង្កត់ទៅលើរថយន្ត២គ្រឿង បណ្តាលឱ្យរងការខូចខាត កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី២១ខែសីហា ឆ្នាំ២០២៣ នៅតាមមហាវិថីឈ្នះ=ឈ្នះ មុខរោងចក្របឺរី ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពៅធិ៍សែនជ័យ ។
តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-6166 ដឹកសុីម៉ងត៍ពេញទ្រុង ចេញពីផែស្ងួតតេងឡាយ បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្របពេលដែលមានកម្មករឆ្លងកាត់ចូលរោងចក្រ ជាន់ហ្វ្រ័ងមិនជាប់ដោយសារតែការដឹកធ្ងន់ផងនោះក៏រេចង្កូតឡើងសួនទ្រូងផ្លូវ ក្រឡាប់ផ្ងារជើងសង្កត់លើរថយន្ត២គ្រឿងរងខូចខាត ដែលក្នុងនោះមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AO-0826 សង្កត់ជាប់ពីលើ និងមួយគ្រឿងទៀតម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BO-7378 បោកប៉ះផ្នែកខាងក្រោយ ខណៈដែលរថយន្តកំពុងបើកស្របទិសគ្នាទាំងអស់ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍ សម្រួលចរាចរណ៍ និងប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ ចាត់ចែងស្ទូចលើកយករថយន្តទាំងអស់ចេញទៅរក្សាទុកដោះស្រាយតាមនីតិវិធី ៕
ដោយ៖ សុខាសែនជ័យ