ភ្នំពេញ៖ រដ្ឋសភា បានអនុម័តគាំទ្រដល់ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាប្រធានរដ្ឋសភា, លោកបណ្ឌិត ជាម យៀប ជាអនុប្រធានទី១ និង លោក វង សូត ជាអនុប្រធានទី២ ក្នុងការបោះឆ្នោតជាកញ្ចប់ នាសម័យប្រជុំលើកទី១ នីតិកាលទី៧ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ។
ជាមួយនឹងការអនុម័តគាំទ្រក្បាលម៉ាស៊ីនរដ្ឋសភានេះ សម័យប្រជុំលើកទី១ ក៏បានបោះឆ្នោតគាំទ្រលើបេក្ខភាពប្រធាន និងអនុប្រធានគណៈកម្មការទាំង១០របស់រដ្ឋសភាផងដែរ។
គួរបញ្ជាក់ថា ចំពោះការបោះឆ្នោតនេះ ទទួលបានសំឡេងគាំទ្រ ១២៣លើ១២៥ នៃសមាជិករដ្ឋសភាទាំងមូល។
សូមជម្រាបជូនថា ក្បាលម៉ាស៊ីនរាជរដ្ឋាភិបាលថ្មី គឺលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តពីសម្តេចតេជោ ហ៊ុន សែន ហើយសម្ដេចតេជោ នឹងទៅកាន់តំណែងប្រធានព្រឹទ្ធសភា នៅពេលខាងមុខ។ សម្រាប់តំណែងឧបនាយករដ្ឋមន្ត្រី ទាំង១០រូបនោះ រួមមាន លោកឧបនាយករដ្ឋមន្ត្រី នេត្រ សាវឿន, ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឧបនាយករដ្ឋមន្ត្រី វង្សី វិសុទ្ធ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
រដ្ឋសភា និងរាជរដ្ឋាភិបាល នីតិកាលទី៧ គឺជារបត់នយោបាយថ្មីរបស់កម្ពុជា ដែលមានការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដែលគណបក្សប្រជាជនកម្ពុជា ជាបក្សកាន់តំណែង៦អាណត្តិ កន្លងមក ចាត់ទុកថា ជាការផ្លាស់ប្តូរដើម្បីបន្តធានាដល់ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា រយៈកាលយូរអង្វែង៕
ដោយ៖ សហការី