ខេត្តតាកែវ ៖ កងរាជអាវុធហត្ថខេត្តតាកែវបានឲ្យដឹងថាប្អូនស្រីម្នាក់ដែលបាត់ខ្លួននៅផ្សារតាកែវបានត្រឡប់មកផ្ទះវិញហើយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣នេះ ។
មន្ត្រីកងរាជអាវុធហត្ថបញ្ជាក់ថា ក្រោយទទួលព័ត៌មានថាមានករណីបាត់មនុស្សស្រីម្នាក់នៅផ្សារតាកែវកម្លាំងកងរាជអាវុធហត្ថ បានចុះស្រាវជ្រាវករណីបាត់មនុស្ស (មនុស្សស្រី) នៅ ភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវបានឲ្យដឹងថា ប្អូនស្រីដែលបាត់ខ្លួនមានឈ្មោះ គង់ ស្រីលីន អាយុ ២៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានបាត់ខ្លួនកាលពីថ្ងៃទី ២០ ខែ សីហា ឆ្នាំ២០២៣ នៅចំណុចផ្សារតាកែវ (ទីរួមខេត្តតាកែវ)។
តាមការបំភ្លឺរបស់ស្ត្រីជាម្តាយឈ្មោះ លឹម សឿន អាយុ ៥៣ឆ្នាំ បានប្រាប់ថា កាលពីថ្ងៃបាត់ខ្លួននោះគឺរូបគាត់បានបង្ខំអោយកូនស្រីទៅថតរូបដើម្បីដាក់ពាក្យចូលធ្វើការនៅរោងចក្រនៅម្តុំលាយបូរ ។ តែកូនស្រីគាត់(គង់ ស្រីលីន)មិនព្រម។ តែដោយម្តាយបង្ខំពេកនាង(គង់ស្រីលីន)ក៏ព្រមទៅថតរូបនៅផ្សារតាកែវ ដោយអោយប្អូនប្រុសជិះម៉ូតូឌុបទៅ ។
ប្រភពបានបន្ថែមថា ពេលទៅដល់ផ្សារតាកែវ ឈ្មោះ គង់ ស្រីលីន បានប្រាប់អោយប្អូនប្រុសត្រឡប់មកផ្ទះវិញ ចាប់តាំងពីពេលនោះមកគឺបាត់ខ្លួនរហូត។ លុះដល់ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ឈ្មោះ គង់ ស្រីលីន បានឆាតមកប្រាប់បងស្រីតាមFacebook ថា “ខ្ញុំនៅធ្វើការនៅនេះហើយមិនអីទេ”។
ក្រោយពីឆាតប្រាប់បងស្រីរួចហើយរូបគេក៏បិទទូរស័ព្ទទាក់ទងលែងបានទាំងអស់។ តាមការបញ្ចាក់របស់ម្តាយ ឈ្មោះ គង់ ស្រីលីន ជាមនុស្សចិត្តឆេវឆាវ ឆាប់ខឹងបើមិនចង់ធ្វើអ្វីហើយគឺមិនធ្វើទេ ៕
ដោយ៖ សូរិយា