ខេត្តស្វាយរៀង ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្តីបំភ្លឺចំពោះករណីមរណភាពម្តាយក្រោយសម្រាលកូនដោយធ្លាក់ឈាមធ្ងន់ធ្ងរនៅមណ្ឌលសុខភាព ញរ ស្រុកកំពង់រោទ៍នាថ្ងៃទី២២ខែសីហាឆ្នាំ២០២៣។
សេចក្តីបំភ្លឺរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង យោងតាមរបាយការណ៍របស់មន្ទីរពេទ្យខេត្តនិងមណ្ឌលសុខភាព ញរ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង សូមបំភ្លឺជូនសាធារណជននិងក្រុមគ្រួសារនៃសព ចំពោះករណីមរណភាពម្តាយក្រោយសម្រាលកូនដោយធ្លាក់ឈាមធ្ងន់ធ្ងរនាវេលាម៉ោង៥:៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ មានករណីស្លាប់ស្ត្រីម្នាកក្រោយឆ្លងទន្លេរួច ដោយការធ្លាក់ឈាមធ្ងន់ធ្ងរ ក្រោយបញ្ចូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
ស្ត្រីខាងលើឈ្មោះ ពុំ ស៊ីណាត អាយុ៣៥ ឆ្នាំ ជាកម្មការិនីរោងចក្រ មានទីលំនៅភូមិ ស្វាយអាណាត ឃុំ ញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បានសម្រាលកូននៅ មណ្ឌលសុខភាព ញរ នាវេលាម៉ោង២០:០០នាទីយប់ ថ្ងៃ២១ ខែសីហា ឆ្នាំ២០២៣។ ក្រោយសម្រាលកូនរួចស្រ្តីខាងលើមានអាការធ្លាក់ឈាមស្រួចស្រាវ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះនៅមណ្ឌលសុខភាព ដោយពុំបាត់ធ្លាក់ឈាម ក៏បានបន្តបញ្ជូនតាមរយៈរថយន្តសង្គ្រោះ ទៅមន្ទីរពេទ្យខេត្តស្វាយរៀង។
ទោះបីជាមានការបញ្ចូលឈាមមួយចំនួនធំ និងមានការសង្គ្រោះដោយយកចិត្តទុកដាក់បំផុតអំពីសំណាក់ក្រុមគ្រូពេទ្យជំនាញទៅតាមបច្ចេកទេសសង្គ្រោះយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះបាន ហើយស្ត្រីខាងលើក៏បានទទួលមរណភាពនៅវេលាម៉ោង ៥:៣០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅលើគ្រែសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យខេត្តស្វាយរៀង។
ជាការសន្និដ្ឋានបឋមរបស់ក្រុមគ្រូពេទ្យមន្ទីរពេទ្យខេត្ត បានបញ្ជាក់ថា ស្ត្រីខាងលើមានវិបត្តិឈាមមិនកក និងខ្សោយស្បូន ក្រោយឆ្លងទន្លេ៕
ដោយ៖ សុថាន