ជើងហោះហើរដឹកអ្នកដំណើររបស់កូរ៉េខាងជើង Air Koryo ពីទីក្រុងព្យុងយ៉ាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន បានចុះចតនៅអាកាសយានដ្ឋានទីក្រុងប៉េកាំងនៅថ្ងៃនេះ (២២ សីហា)។ នេះក៏ជាជើងហោះហើរពាណិជ្ជកម្មលើកដំបូងរបស់ប្រទេសកូរ៉េខាងជើងទៅកាន់ប្រទេសចិន ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត Covid-19។
យោងតាមកម្មវិធីតាមដានការហោះហើរ Flight Master ជើងហោះហើរលេខ SJ151 របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិកូរ៉េ បានចុះចតនៅអាកាសយានដ្ឋានប៉េកាំងនៅម៉ោង 9:17 ព្រឹក (ម៉ោងក្នុងស្រុក) លឿនជាងម៉ោងកំណត់។
ក្រសួងការបរទេសចិនកាលពីម្សិលមិញក៏បានប្រកាសផងដែរថាប្រទេសនេះបានយល់ព្រមលើក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់កូរ៉េខាងជើងឱ្យដំណើរការជើងហោះហើរទៅកាន់ប្រទេសចិនឡើងវិញក្នុងរយៈពេលជាង 3 ឆ្នាំបន្ទាប់ពីបានបិទចំពេលមានការផ្ទុះឡើងនៃ COVID-19 នៅទូទាំងពិភពលោក។ ការផ្លាស់ប្តូរដើម្បីបន្តជើងហោះហើរពាណិជ្ជកម្មនេះ ក៏ជាសញ្ញានៃការកើនឡើងនៃទំនាក់ទំនងរវាងកូរ៉េខាងជើងនឹងប្រទេសចិនជិតខាងផងដែរ។
រដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិនមិនទាន់បានបញ្ជាក់អំពីភាពញឹកញាប់នៃការហោះហើររបស់ Air Koryo ទៅកាន់ប្រទេសចិននាពេលអនាគត និងនៅពេលណាដែលក្រុមហ៊ុនអាកាសចរណ៍រដ្ឋរបស់ចិន Air China អាចនឹងបន្តជើងហោះហើរកូរ៉េខាងជើង-ចិន។
ចរាចរណ៍រថភ្លើងដឹកអ្នកដំណើរនិងដឹកទំនិញនៅក្នុងប្រទេសកូរ៉េខាងជើងបានកើនឡើងបន្តិចម្តងៗក្នុងឆ្នាំមុន ប៉ុន្តែកូរ៉េខាងជើងទើបតែចាប់ផ្តើមអនុញ្ញាតឱ្យអ្នកដំណើរអន្តរជាតិមួយចំនួនអាចធ្វើដំណើរបាន។
ក្រុមហ៊ុន Air Koryo ក៏បានកំណត់ពេលហោះហើរទៅកាន់ទីក្រុង Vladivostok របស់រុស្ស៊ីនៅថ្ងៃសុក្រខាងមុខនេះ (២៥ សីហា)។ នេះនឹងជាជើងហោះហើរដំបូងទៅកាន់ប្រទេសរុស្ស៊ីចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត៕ ដោយ៖ ធីរីណា
រូបថត៖ Reuters