ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលដែលជាស្នាដៃរបស់សមត្ថកិច្ចខិតខំបង្ក្រាបក្នុងករណីជួញដូរដោយខុសច្បាប់នូវសាធាតុញៀនដែលចាប់ឃាត់បានឈ្មួញជនជាតិថៃ២នាក់ និងដកហូតថ្នាំញៀនប្រភេទកេតតាមីនជាង១០០គីឡូក្រាម ដែលជនសង្ស័យត្រូវបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី២២ នេះ។
សន្និសីទកាសែត ធ្វើឡើងដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងក្រឡាបញ្ជីតំណាងឲ្យស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការដឹកនាំដោយរូបលោកផ្ទាល់ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចនគរបាលជំនាញការិយាល័យទី៩នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរ លោកឧត្តមសេនីយ៍ត្រី ហៀង ធីរ៉ា នាយករងមន្ទីរ លោកវរសេនីយ៍ទោ សេង សុផល នាយករងមន្ទីរ និងលោកវរៈសេនីយ៍ទោ ក្លៀន នឿន នាយរងការិយាល័យ ក្រោមការសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមរូបប្រើវិធានញុះញង់នៅចំណុច៣គោលដៅផ្សេងៗគ្នា ។
លោកឧត្តមសេនីយ៍ឯក នាយកមន្ទីរប្រឆាំងគ្រឿងញៀនបន្តថា គោលដៅទី១-បង្ក្រាបនៅចំណុចផ្លូវលំ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់ខ្លួនឈ្មួញគ្រឿងញៀនម្នាក់ឈ្មោះ ស៊ែហឺរ ថាណាត់ ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិម៉ុងតាញ៉ា សញ្ជាតិថៃ និងដកហូតវត្ថុតាងសារធាតុញៀន កញ្ចប់រូបតែពណ៌មាស ចំនួន១០ ដុំ ។
គោលដៅទី២-បង្ក្រាបនៅចំណុចផ្ទះលេខ៣៥០ ផ្លូវបេតុង ភូមិក្រាំងដូនតី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើការឆែកឆេររកឃើញវត្ថុតាងសារធាតុញៀន ៖
១.កញ្ចប់រូបតែពណ៌មាស ចំនួន៩ ដុំ ។
២.កញ្ចប់រុំស្កុតពណ៌ទឹកប្រាក់ ចំនួន ២ ដុំ ។
គោលដៅទី៣-បង្ក្រាបនៅចំណុចផ្ទះលេខ២BC ផ្លូវលេខ១០៧ ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនឈ្មួញគ្រឿងញៀនម្នាក់ឈ្មោះ ស៊ែហឺរ សោមឆាយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិម៉ុងតាញ៉ា សញ្ជាតិថៃ ឆែកឆេរនៅផ្ទះរកឃើញវត្ថុតាង សារធាតុញៀន ៖ ១.កញ្ចប់ពណ៌រូបតែពណ៌មាស ចំនួន៥៦ដុំ ។ ២.កញ្ចប់ស្លឹកតែពណ៌បៃតង ចំនួន៤២ដុំ ។ សរុបទាំង៣គោលដៅ ចំនួន១១៩ដុំ ស្មើ១១៩គីឡូក្រាម ជាសារធាតុញៀនប្រភេទ កេតតាមីន ៕
ដោយ ៖ រ៉ារ៉ា