ភ្នំពេញ៖ នាយករដ្ឋមន្រ្តី លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំងចម្រុះគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតអាចស្វែងរកឃើញ និងចាប់បានជាបន្តបន្ទាប់នូវក្រុមឧក្រិដ្ឋជនរំដោះអ្នកទោស ដែលជាមេខ្លោងគ្រឿងញៀន កាលពីថ្ងៃទី១៧ សីហា ២០២៣ កន្លងទៅនៅក្នុងខេត្តសៀមរាប។
តាមការឱ្យដឹងពីនាយករដ្ឋមន្រ្តីលោកបណ្ឌិត ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមតេលេក្រាមនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ថាជាលទ្ធផល ទាំងក្រុមឧក្រិដ្ឋជន និងទាំងពិរុទ្ធជនគ្រឿងញៀន ដែលត្រូវបានរំដោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញ នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នេះ។
នាយករដ្ឋមន្រ្តី លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ជោគជ័យនៃបេសកកម្មដ៏មានសារៈសំខាន់នេះ គឺជាការអនុវត្តភារកិច្ច និងការចូលរួមចំណែកធានាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាកិច្ចការអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល សំដៅថែរក្សាសុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្តក្នុងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
គួរឱ្យដឹងដែរថា អាជ្ញាធររាជធានីភ្នំពេញចាប់បានអ្នកទោសមេខ្លោង គ្រឿងញៀន Chen Hsin Han នៅភូមិសាស្ត្រខណ្ឌជ្រោយចង្វារដែលត្រូវបានក្រុមឧក្រិដ្ឋជនប្រដាប់អាវុធរំដោះនៅគី្លនិកព្យាបាលធ្មេញក្នុងខេត្តសៀមរាប ខណៈជនឧក្រិដ្ឋដែលពាក់ព័ន្ធចំនួន ១០នាក់ត្រូវបានសមត្ថកិច្ចបង្រ្កាបបានជាបន្តបន្ទាប់ក្រោយតែប៉ុន្មានថ្ងៃធ្វើសកម្មភាពរំដោះអ្នកទោសប៉ុណ្ណោះ។
អគ្គស្នងការរងនគរបាលជាតិ លោក ម៉ក់ ជីតូ បានអះអាងថា ករណីនេះមិនទាន់ចប់ជាស្ថាពរនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងតែបន្តស្រាវជ្រាវរកមុខសញ្ញាដែលពាក់ព័ន្ធបន្ថែមទៀត ជាពិសេសតាមចាប់ជនល្មើសដែលអ្នករៀបចំប្រដាប់អាវុធឱ្យជនឧក្រិដ្ឋធ្វើគម្រោងប្លន់រំដោះអ្នកទោសនេះ។
សូមបញ្ជាក់ថា : ក្រុមប្រដាប់អាវុធឱ្យជនឧក្រិដ្ឋធ្វើគម្រោងប្លន់រំដោះអ្នកទោសនេះ បានរៀបចំផែនការមុនធ្វើសកម្មភាពពីរខែ ពួកគេភាគច្រើនមានសញ្ជាតិអាមេរិក ដោយមានអង្គការចាត់តាំង ហើយមុនធ្វើសកម្មភាព ក្រុមទាំងនេះ បានចូលទឹកដីកម្ពុជាមុនពីសប្តាហ៍ ។ ក្នុងនោះសូម្បីតែអ្នកទោសគ្រឿងញៀន គាត់ធ្លាប់ធ្វើសកម្មភាព បញ្ជាពីពន្ធនាគារ ទៅក្រុមរបស់ពួកគេ ដើម្បីធ្វើសកម្មភាពផ្សេងៗ។ ការបង្ក្រាបបានទាំងសំបុកនេះ គឺជាការប្រឹងប្រែងបំផុតរបស់សមត្ថកិច្ច ក្នុងការស៊ើបអង្កេត ស្រាវជ្រាវ ពីព្រោះថាបទល្មើសនេះ ទើបនឹងកើតមានលក្ខណៈទ្រង់ទ្រាយធំ ហើយសមត្ថកិច្ចក្តោបមុខសញ្ញាបាន ថែមទាំងបន្តនីតិវិធី ក្នុងការស្រាវជ្រាវ រកជនពាក់ព័ន្ធបន្តទៀត ៕
ដោយ ៖ សិលា