កូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថា កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហានេះ បាននិយាយថាការប៉ុនប៉ងជាលើកទី២ ក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍មួយទៅកាន់ គន្លងតារាវិថី បានទទួលបរាជ័យសាជាថ្មី ៣ខែបន្ទាប់ពីការប៉ុនប៉ងលើកទី១បានបរាជ័យ ដោយគ្រាប់រ៉ុក្កែតនិងផ្កាយរណបបានធ្លាក់ចូលទឹកសមុទ្រមួយសន្ទុះក្រោយការ បាញ់បង្ហោះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ថា រដ្ឋបាលអភិវឌ្ឍទីអវកាសជាតិ (NADA) របស់កូរ៉េខាងជើងបានដឹកនាំការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ ម៉ាលីយ៉ុង-១ (Malligyong-1) ជាលើកទី២ នៅថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែការបាញ់បង្ហោះនេះបានទទួលបរាជ័យដោយសារតែបញ្ហាបច្ចេកទេសនៅដំណាក់កាលទី៣ នៃការផ្ដាច់ខ្លួនរបស់គ្រាប់រ៉ុក្កែត។ KCNA បន្ថែមថាបញ្ហាបច្ចេកទេសនេះមិនមែនជាបញ្ហាធំដុំអ្វីនោះទេ ដូច្នេះកូរ៉េខាងជើងនឹងព្យាយាមបាញ់បង្ហោះផ្កាយរណបជាថ្មីម្ដងទៀតនៅខែតុលាខាងមុខ។
យោធាកូរ៉េខាងត្បូងបានឱ្យដឹងថាខ្លួនចាប់បានសញ្ញាពីការបាញ់បង្ហោះរ៉ុក្កែតទៅកាន់ទីអវកាសនៅម៉ោង ៣ៈ៥០នាទីទៀបភ្លឺនៅថ្ងៃព្រហស្បតិ៍នេះហើយ គ្រាប់រ៉ុក្កែតបានហោះលើតំបន់សមុទ្រលឿង។ ក្រុមអ្នកជំនាញកូរ៉េខាងត្បូងកំពុងតាមស្វែងរកនិងស្រង់ផ្កាយរណបកូរ៉េខាងជើងចេញពីសមុទ្រ។ កូរ៉េខាងជើងបានជូនដំណឹងជាមុនដល់ជប៉ុនដែរពីផែនការបាញ់បង្ហោះផ្កាយរណបនេះ ប៉ុន្តែសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនសុទ្ធតែបានថ្កោលទោសការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍នេះដោយពួកគេចាត់ទុកថាជាទង្វើបង្កអស្ថិរភាពក្នុងតំបន់៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)