ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីគួរស្វែងយល់ អំពី ផលវិបាកនៃការសម្រាលកូនដោយវះកាត់!

ចែករំលែក៖

ភ្នំពេញ ៖ ជាទូទៅ ស្រ្តីត្រូវបានលើកទឹកចិត្តឲ្យសម្រាលបុត្រតាមផ្លូវធម្មជាតិ ព្រោះផលវិបាកនៃការសម្រាលតាមធម្មជាតិ មានតិចតួចជាងការវះកាត់។ ករណីក្រុមគ្រូពេទ្យសម្រេចធ្វើការវះកាត់ លុះត្រាតែការសម្រាលតាមធម្មជាតិអាចមានគ្រោះថ្នាក់ចំពោះម្តាយ និងកូន។ ប៉ុន្តែបច្ចុប្បន្ននេះអត្រានៃការសម្រាលបុត្រដោយការវះកាត់ មានការកើនឡើងជាលំដាប់គួរឲ្យព្រួយបារម្ភ ជាពិសេសការវះកាត់ដោយគ្មានមូលហេតុត្រឹមត្រូវ។ ស្រ្តីមួយចំនួនយល់ខុសថា ការសម្រាលកូនដោយវះកាត់ មាន ភាពងាយស្រួល ដោយមិនចាំបាច់ឆ្លងកាត់ការឈឺពោះសម្រាល និងមើលរំលងផលវិបាកផ្សេងៗទៅថ្ងៃអនាគត ដែលបណ្តាលមកពីការវះកាត់នេះ។ ដូច្នេះ តើមានផលវិបាកអ្វីខ្លះអំឡុង និងក្រោយពេលការវះកាត់សម្រាលកូន?

ក) ផលវិបាកអំឡុងពេលវះកាត់៖

   – ផលវិបាកនៃថ្នាំសណ្តំ (Syndrome de Mendelson)

   – ការបាត់បង់ឈាមច្រើនពេលវះកាត់

   – ការដាច់រហែកកស្បូនខ្លាំង

   – របួសប្លោកនោម ឬពោះវៀន ដែលទាមទារការសម្រាកពេទ្យរយៈពេលយូរ

ខ) ផលវិបាកក្រោយពេលវះកាត់ភ្លាមៗ ១០% ទៅ ៤២%៖

   – ការបង្ករោគផ្សេងៗ មានដូចជា៖ ការរលាកប្លោកនោម រលាកភ្នាសក្នុងរបស់ស្បូន រលាកស្រោមពោះ ឬអាចដល់បង្ករោគក្នុងសរសៃឈាម។

   – ការហូរឈាមក្រោយពេលវះកាត់ មានកកឈាមលើស្នាមរបួសស្បូន ឬក្រោមរបួសស្បែក

   – ភាពស្លេកស្លាំង

   – ផលវិបាកស្ទះសរសៃឈាមតូចៗ ជាពិសេសសរសៃឈាមក្នុងសួតធ្វើឲ្យមានវិបត្តិផ្លូវដង្ហើម

គ) ផលវិបាកក្រោយពេលវះកាត់ នៅពេលមានផ្ទៃពោះលើកក្រោយ ស្រ្តីអាចប្រឈមនឹង៖

   – ការវះកាត់យកកូនសារជាថ្មី

   – ការធ្លាយស្បូន

   – សុកពាំងមាត់ស្បូន

   – សុកចាក់ឬសក្នុងសាច់ស្បូន ឬចាក់ដល់ប្លោកនោម

ផលវិបាកទាំងអស់នេះមិនសូវកើតមានជាញឹកញាប់ទេ តែករណីខ្លះអាចគំរាមគំហែងដល់អាយុជីវិតស្រ្តីបាន។ ដូច្នេះរាល់ការសម្រាលទាំងអស់ ស្រ្តីគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុន ដើម្បីជ្រើសរើសការសម្រាលមួយដ៏ សមស្រប និងមានសុវត្ថិភាពទាំងម្តាយ និងកូន។ វេជ្ជបណ្ឌិតជំនាញផ្នែកសម្ភពនិងរោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត នឹងផ្តល់ដំបូន្មានដ៏ត្រឹមត្រូវជូនលោកអ្នក ក្នុងការជ្រើសរើសវិធីសម្រាលបុត្រ។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital 

ដោយ : សហការី


ចែករំលែក៖