យ៉ាងហោចណាស់ក៏មានមនុស្ស ៣នាក់ស្លាប់ក្នុងការបាញ់ប្រហារនៅអាមេរិកពាក់ព័ន្ធនឹងការរើសអើងជាតិសាសន៍ ដោយខ្មាន់កាំភ្លើងតម្រង់សំដៅទៅលើជនជាតិស្បែកខ្មៅនៅហាង Dollar General នៅក្នុងទីក្រុង Jacksonville រដ្ឋ ផ្ល័ររីដា សហរដ្ឋអាមេរិក ក្រោយមកខ្មាន់កាំភ្លើងក៏បានធ្វើអត្តឃាត។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា អាជ្ញាធរនៅសហរដ្ឋអាមេរិកបានឱ្យដឹងថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ខ្មាន់កាំភ្លើងម្នាក់ដែលជំរុញដោយការស្អប់ខ្ពើមពូជសាសន៍ បានធ្វើសកម្មភាពបាញ់ប្រហារផ្តាច់ជីវិតជនស្បែកខ្មៅចំនួន៣នាក់នៅទីក្រុង Jacksonville នៃរដ្ឋ Florida ហើយក្រោយមកឃាតកនោះក៏បានបាញ់សម្លាប់ខ្លួនឯង។
ប៉ូលិសអាមេរិកបាននិយាយថា ជនសង្ស័យខាងលើដែលជាបុរសស្បែកសម្នាក់ ស្ថិតក្នុងវ័យខ្ទង់២០ឆ្នាំ មានពាក់អាវការពារ ហើយប្រដាប់ដោយអាវុធវែងមួយដើមនិងអាវុធខ្លីមួយដើម នៅពេលដែលរូបគេបានបើកការវាយប្រហារ នៅក្នុងម៉ាតលក់សម្ភារ General Dollar មួយកន្លែង។ ប៉ូលិសអាមេរិកបានបន្តថា ការបាញ់ប្រហារនោះ មានគោលដៅលើក្រុមមនុស្សជាក់លាក់មួយ គឺក្រុមជនស្បែកខ្មៅ។ រីឯខាង FBI បាននិយាយថា ពួកគេនឹងបើកការស៉ើបអង្កេតលើករណីនេះក្នុងទម្រង់ជាបទឧក្រិដ្ឋស្អប់ខ្ពើមពូជសាសន៍។
ជនរងគ្រោះ៣នាក់ដែលបានបាត់បង់ជីវិត គឺ២នាក់ជាបុរសនិងម្នាក់ជាស្រ្តី។ ដោយឡែក ហាក់ដូចជាពុំមានអ្នករងរបួសនោះឡើយ។ ករណីខាងលើគឺជាករណីថ្មីចុងក្រោយគេនៃអំពើហិង្សាដោយកាំភ្លើងក្នុងសប្តាហ៍នេះ នៅសហរដ្ឋអាមេរិក រួមមាននៅទីក្រុង Boston, Chicago និងនៅរដ្ឋ Oklahoma៕ ដោយ៖ ធីរីណា
ប្រភពរូបថត៖ VOV.VN