ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយកំពុងគំរាមកំហែងតំបន់ភាគខាងជើងប្រទេសហ្វីលីពីន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា ក្រសួងឧតុនិយមនៃប្រទេសហ្វីលីពីនបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ព្យុះត្រូពិកឈ្មោះ Saola បានកើនឡើង ក្លាយជាព្យុះស៊ូពើទីហ្វុង ដែលអាចនឹងបង្កឱ្យមានភ្លៀងធ្លាក់និងខ្យល់បោកបក់ខ្លាំងក្លាមកលើបណ្តាខេត្តនៅភាគខាងជើងនៃប្រទេសអាស៊ានមួយនេះ។
គិតត្រឹមវេលាទៀបភ្លឺថ្ងៃអាទិត្យនេះ ព្យុះ Saola ដែលមានកម្លាំងខ្យល់បក់ចន្លោះពី១៨៥-២៣០គីឡូម៉ែត្រក្នុងមួយម៉ោង កំពុងតែស្ថិតនៅលើផ្ទៃសមុទ្រក្បែរឆ្នេរខេត្ត Isabela របស់ប្រទេសហ្វីលីពីន។ អាជ្ញាធរឧតុនិយមហ្វីលីពីនបានព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃអាទិត្យនេះ និងនៅថ្ងៃចន្ទស្អែកក្នុងខេត្ត Isabela, Cagayan, Ilocos ព្រមទាំងតំបន់ភ្នំ Cordillera ជាហេតុបង្កើនហានិភ័យនៃគ្រោះទឹកជំនន់និងបំណាក់ដី។
ខេត្តទាំង៣ ស្ថិតក្នុងចំណោមខេត្តដែលផលិតស្រូវ ពោត និងបន្លែធំជាងគេរបស់ហ្វីលីពីន។ ព្យុះ Saola ត្រូវគេរំពឹងថានឹងជះឥទ្ធិពលលើបណ្តាខេត្តនានានៅលើកោះធំ Luzon របស់ហ្វីលីពីន រួមជាមួយរដ្ឋធានីម៉ានីល សម្រាប់រយៈពេល៣ថ្ងៃខាងមុខ។ កាលពីខែកក្កដា ខ្យល់បោកបក់និងភ្លៀងធ្លាក់ខ្លាំងក៏បានវាយលុកតំបន់ភាគខាងជើងហ្វីលីពីនដែរ ដោយសារតែព្យុះទីហ្វុង Doksuri ដ៏មានឥទ្ធិពល ដោយវាបានបណ្តាលឱ្យទឹកទន្លេជន់លិច ហើយបង្កឱ្យប្រជាជនហ្វីលីពីនរាប់ពាន់នាក់គ្មានអគ្គិសនីប្រើប្រាស់។
បន្ទាប់មក ព្យុះ Doksuri ក៏បានបន្តវាយប្រហារលើប្រទេសចិន ជាទីដែលវាបានបន្សល់ទុកនូវការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ យោងតាមការព្យាកររបស់ហ្វីលីពីន ព្យុះ Saola នឹងងាកឆ្ពោះទៅទិសខាងជើងនាថ្ងៃចន្ទសប្តាហ៍ក្រោយ ហើយនឹងបោកបក់ទៅដល់ភាគខាងត្បូងកោះតៃវ៉ាន់ អំឡុងថ្ងៃពុធឬក៏ថ្ងៃព្រហស្បតិ៍៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN-VNA


ចែករំលែក៖