ខេត្តកំពង់ស្ពឺ៖ នៅចុងសប្តាហ៍កន្លងមកនេះ សមត្ថកិច្ច បានឲ្យដឹងថា បុរសស្ទាវម្នាក់បង្ហោះម៉ូតូលើខ្នងភ្នំគីរីរម្យ ត្រូវបានថតរូបដោយពលរដ្ឋ បញ្ជូនឲ្យសមត្ថកិច្ចនគរបាល អំពីសកម្មភាពបង្ហោះម៉ូតូធំ ម៉ាក HONDA CBR កំលាំង 1000CC ពណ៌ខ្មៅ គ្មានផ្លាកលេខ 97 នៅចំណុចលើខ្នងភ្នំគិរីរម្យ ស្ថិតនៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កការភ្ញាក់ផ្អើលនិងគ្រោះថ្នាក់បំផុតក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនមកយកមកអប់រំណែនាំ។
បន្ទាប់ពីបានឃើញសកម្មភាពនៅក្នុងវីដេអូ និងទទួលបានបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សហការជាមួយប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវ និងឃាត់បានម្ចាស់ម៉ូតូខាងលើមានឈ្មោះ ហ៊ុត លីម៉េង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ រួមជាមួយវត្ថុតាងម៉ូតូនាំមកសាកសួរនៅអធិការរដ្ឋាននគរបាលស្រុកភ្នំស្រួច ។
យោងតាមប្រភពអោយដឹងថា ម្ចាស់ម៉ូតូនេះគឺមានជំនាញខាងបង្ហោះម៉ូតូនិងធ្លាប់ធ្វើសកម្មភាពច្រើនលើក ច្រើនសារមកហើយ ។ ក្នុងពេលធ្វើសកម្មភាព គឺគេចង់បង្ហាញអំពីទេពកោសល្យនិងទឹកដៃរបស់គេក្នុងការ អនុវត្តតាមប្រព័ន្ធបណ្ដាញ YOUTUBE បុគ្គលខាងលើបានទទួលស្គាល់ថា សកម្មភាពបង្ហោះម៉ូតូគឺខ្លួនប្រាកដមែន។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានធ្វើកិច្ចសន្យាអប់រំណែនាំមិនអោយប្រព្រឹត្ដសកម្មភាពបែបនេះជាបន្ដទៀត ព្រោះនាំអោយមានគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរនិងរស់នៅប្រកបអាជីវកម្មនានា ពិសេសភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលទង្វើរធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម ៕
ដោយ៖ សូរិយា