ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រី បានរំលឹកពីកេរដំណែលរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍកម្ពុជានិងដឹកនាំរហូតមកដល់បច្ចុប្បន្ន

ចែករំលែក៖

    ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានរំលឹកពីកេរដំណែលរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍកម្ពុជានិងដឹកនាំរហូតមកដល់បច្ចុប្បន្ន។

    ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករប្រមាណ១ម៉ឺន៨ពាន់នាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោក បណ្ឌិតហ៊ុន ម៉ាណែត បានថ្លែងថា អ្វីដែលមាននៅពេលបច្ចុប្បន្ននេះគឺជាស្នាដៃដ៏ធំធេងបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំកម្ពុជា។ លោកកិត្តិទេសាភិបាលបណ្ឌិត បានប្ដេជ្ញាថារដ្ឋាភិបាលអាណត្តិថ្មីនឹងបន្តរក្សាសមិទ្ធផលដែលទទួលបាននេះឱ្យកាន់តែរីកចម្រើនថែមទៀត។

    លោកកិត្តិទេសាភិបាលបណ្ឌិតបន្តថា «អ្វីដែលលោកបានចាប់ផ្ដើមហើយរាជរដ្ឋាភិបាលអាណត្តិថ្មីនឹងរួមគ្នាបន្តថែរក្សាសមិទ្ធផលដែលរដ្ឋាភិបាលបានដឹកនាំជិត៤០ឆ្នាំនេះបានបន្សល់ទុកនិងដឹកនាំបន្តទៀត»។

   លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងរួមគ្នាថែរក្សាសមិទ្ធផលដែលថ្នាក់ដឹកនាំអាណត្តិមុនបានខិតខំកសាង និងបន្សល់ទុកដល់កូនចៅជំនាន់ក្រោយដូចសព្វថ្ងៃនេះ។

   លោកបណ្ឌិតបញ្ជាក់ថា គោលបំណងចំនួន២ដែលជួបជាមួយបងប្អូនកម្មករនិយោជិតនាថ្ងៃនេះ ក្នុងនោះទីមួយ គឺអរគុណចំពោះបងប្អូនកម្មករនិយោជិត និងម្ចាស់រោងចក្រនានាដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល និងបានចូលរួមជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងបំពេញការងារក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន។  ចំណែកទី២ រាជរដ្ឋាភិបាលអាណត្តិថ្មីប្ដេជ្ញាចិត្តចំពោះបងប្អូនប្រជាពលរដ្ឋអំពីកម្មវិធីគោលនយោបាយនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

   លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា វិស័យឧស្សាហកម្មដើរទៅមុខដោយមានតួអង្គ ៣សំខាន់ គឺកម្មករនិយោជិត ម្ចាស់រោងចក្រ និងរាជរដ្ឋាភិបាល។ បើគ្មានតួអង្គទាំង៣នេះទេ គឺវិស័យរោងចក្រកាត់ដេរ និងវាយនភណ្ឌមិនអាចរីកចម្រើនទៅមុខបានទេ ៕

ដោយ ៖ សិលា


ចែករំលែក៖