ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សមត្ថកិច្ចគយចល័តតំបន់៦ បង្ក្រាបទីតាំងដាក់ម៉ាសុីនផលិត ម៉ាសុីនវេចខ្ចប់ បារី ESSE និងគ្រឿងចក្រ វត្ថុធាតុដើម គឺសុទ្ធតែគ្មានបិទតែម និងបង់ពន្ធនាំចូល

ចែករំលែក៖

 

ខេត្តត្បូងឃ្មុំ ៖ យ៉ាងហោចណាស់ក៏គយចល័តតំបន់៦ បើកប្រតិបត្តិការបង្រ្កាប ទីតាំងដាក់ម៉ាសុីនផលិត ម៉ាសុីនវេចខ្ចប់ បារី ESSE និងគ្រឿងចក្រ វត្ថុធាតុដើម ដែលគ្មានបិទតែម និងបង់ពន្ធនាំចូល ឈានដល់ចាប់យកវត្ថុតាងមានទាំងបារី ESSE បានចំនួន ១៣៧៤ ប៊ិច ហើយនឹងបារីចិនផ្សេងៗទៀត ចំនួន១៩០ ប៊ិច ជាមួយសម្ភារៈមួយចំនួនទៀតដែលអត់មានបិទតែមគយ និងគ្មានពន្ធនាំចូល ។ 

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សហការជាមួយ កម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងនគរបាលខេត្ត នឹងមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ អមសាលាដំបូងខេត្តត្បូងឃ្មុំ ។ 

សូមបញ្ជាក់ថា ៖ មុនការបង្ក្រាបបារីដែលស្តុបទុក គឺសមត្ថកិច្ចគយចល័តតំបន់៦ មានការសង្ស័យក៏ធ្វើការសើុបអង្កេត ស្រាវជាវ ដោយកម្លាំងជំនាញ រហូតដល់យប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ឃាត់ឡាន១គ្រឿងធ្វើចរាចរណ៍លើដងផ្លូវ បម្រើអោយមធ្យោបាយដឹកជញ្ជូនបារី ម៉ាក ESSE ប្រហែល ៤០ប៊ិច ក៏បង្ក្រាបឃាត់សាកសួរ ពីអ្នកដឹកជញ្ជូន បន្ទាប់ពីបារីនេះ អត់មានបិទតែមគយ  អត់មានការបង់ពន្ធនាំចូល ទើបឈានដល់នាំតៃកុងឡាន យកមកធ្វើការសាកសួរ ក៏គេបានបញ្ជាក់ថា ៖ មានឃ្លាំងស្តុក និងបម្រើអោយសង្វាក់ផលិតកម្មបារី ទើបគយចល័ត សហការជាមួយសមត្ថកិច្ចចម្រុះ ដែលមានការសម្របសម្រួលនីតិវិធី ពីតំណាងអយ្យការ ឡោមព័ទ្ធដើម្បីធ្វើការឆែកឆេរ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ។ ប្រតិបត្តិការនេះក៏ពិនិត្យឃើញ បារី ESSE មានចំនួនច្រើន ជាមួយនឹងបារីចិនជាច្រើនមុខទៀត ដែលគ្មានបិទតែមគយ គេចពន្ធនាំចូល។ តាមរយះការបំភ្លឺពីតៃកុងឡាន ក៏បន្តទៅឡោមព័ទ្ធទីតាំង១កន្លែងទៀត ! ដែលទីតាំងនោះមានលាក់ទុកនូវឧបករណ៍ ម៉ាសុីនផលិតបារី ម៉ាសុីនវេចខ្ចប់បារី ដែលនាំចូលអត់មានការបង់ពន្ធ សុទ្ធតែជាម៉ាសុីនឧបករណ៍សម្រាប់បម្រើការអោយការផលិតបារី ជាមួយវត្ថុធាតុដើម មានដូចជាថ្នាំជក់ កន្ទុយស្នោ ហើយគ្រឿងចក្រ នៅទីតាំងនេះ សុទ្ធតែនាំចូលដោយគ្មានការបង់ពន្ធ ទាំងអស់ ទាំងម៉ាសុីនផលិតបារី ម៉ាសុីនវេចខ្ចប់បារី ទាំងវត្ថុធាតុដើម ។ 

សមត្ថកិច្ចជំនាញស្រាវជ្រាវដឹងថា៖ បារីផលិតទាំងនេះត្រូវនាំចេញទៅប្រទេសវៀតណាម តាមច្រកបាវិត ខេត្តស្វាយរៀង ចេញពីទីតាំងស្តុកនេះទាំងអស់ ខណះមានចេតនាទុច្ចរិតបង្កើតទីតាំងផលិតបារី ដើម្បីនាំចេញ ជាមួយឧបករណ៍ ម៉ាសុីន គ្រឿងចក្រ ដែលមិនមានការបង់ពន្ធនាំចូល និងវត្ថុធាតុដើមទាំងនេះ ។ ដូច្នេះសមត្ថកិច្ចគយចល័តស្រាវស្រាវបទល្មើសគេចពន្ធ តំបន់៦ បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួន បង្ក្រាបទាន់ពេលវេលា។

សូមបញ្ជាក់ថា ៖ បារីគ្មានការបង់ពន្ធនាំចូល ឃាត់បាន១ឡាន កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ មានចំនួន ៤០ ប៊ិច ។ ដោយឡែកការឆែកឆេរឃ្លាំង ដែលស្ថិតនៅ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺចាប់យកបារី ESSE បាន ១៣៧៤ ប៊ិច ហើយនឹងបារីចិនផ្សេងៗទៀត ១៩០ ប៊ិច ជាមួយសំភារះមួយចំនួនទៀតដែលអត់មានបិទតែមគយ និងគ្មានពន្ធនាំចូល ។

សូមជម្រាបថា ៖ ក្នុងប្រតិបត្តិការឡោមព័ទ្ធឆែកឆេរ របស់សមត្ថកិច្ចគយចល័តតំបន់៦ ត្រូវបានគេបញ្ជាក់ថាមានឧកញ៉ា១រូប បានគំរាមសមត្ថកិច្ចតាមទូរស័ព្ទ ប៉ុន្តែគយចល័ត បន្តនីតិវិធីរបស់ខ្លួន បានរលូនដល់បញ្ចប់ការងារ។ 

លោក មុយ បញ្ញារិទ្ធ ប្រធានស្នាក់ការគយ និងរដ្ឋាករ ច្រកដារ បានបញ្ជាក់ថា ៖ ទីតាំងលួចផលិតបារីនេះ ស្ថិតនៅក្នុងកាសុីណូ ហើយកាសុីណូ ក៏ត្រូវបានបិទប្រមាណជាង១អាទិត្យហើយ។ លោកបន្តថា ៖ ខ្ញុំអត់បានដឹងថាគេលួចផលិតបារី ទើបខាងគយចល័តតំបន់៦ ចុះមកបង្ក្រាប ទើបដឹងថា គេផលិតនៅក្នុងទីតាំងកាសុីណូ ដែលខ្ញុំមិនមានសិទ្ធចូល។ 

ចំពោះករណីដែលល្បីថា ៖ មានឧកញ៉ា១រូប គំរាមសមត្ថកិច្ច ពេលចុះប្រតិបត្តិការបង្ក្រាបទីតាំងខាងលើ គេមិនទម្លាយអោយដឹងនៅឡើយ ពីឈ្មោះឧកញ៉ា ថ្លើមធំហ្នឹង ។ ប៉ុន្តែកន្លងទៅ លោក ស្រ៊ុន ម៉េងលឹម ដែលជាអ្នកមើលការខុសត្រូវល្បែងសុីសងខុសច្បាប់នៅទីនោះ ធ្លាប់អះអាងថា៖ កាសុីណូ ជារបស់ លោក ហ៊ុន ចូច ដោយគាត់ជាអ្នកមើលការខុសត្រូវអោយប៉ុណ្ណោះ។ 

សូមជម្រាបជូនថា ៖ សមត្ថកិច្ច អាជ្ញាធរ ជំនាញ ក្នុងមូលដ្ឋានមេត្តា យកចិត្តទុកដាក់ ពិនិត្យមើល ទីតាំងដែលមានបទល្មើសផង ជៀសវាង គេថាកន្ទេលធំបន្លំដេក ៕

ដោយ ៖ សហការី


ចែករំលែក៖