ភ្នំពេញ៖ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ដែលមានមូលដ្ឋាននៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដោយរោងចក្រ សហគ្រាសទាំង១៣នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១០, ផលិតផលិតផលធ្វើដំណើរ និងកាបូប, ដេរស្បែកជើង និងរោងចក្រផ្សេង។
សូមអានប្រសាសន៍សំខាន់ៗរបស់លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា មានដូចខាងក្រោម៖
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងរួមគ្នាថែរក្សាសមិទ្ធផលដែលថ្នាក់ដឹកនាំអាណត្តិមុនបានខិតខំកសាង និងបន្សល់ទុកដល់កូនចៅជំនាន់ក្រោយដូច សព្វថ្ងៃនេះ។
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា គោលបំណងចំនួន២ ដែលជួបជាមួយបងប្អូនកម្មករនិយោជិតនាថ្ងៃនេះ ក្នុងនោះទីមួយ គឺអរគុណចំពោះបងប្អូនកម្មករនិយោជិត និងម្ចាស់រោងចក្រនានា ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល និងបានចូលរួមជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើតការងារ និងបំពេញការងារក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាឱ្យមានការរីកចម្រើន។ ចំណែកទី២ រាជរដ្ឋាភិបាលអាណត្តិថ្មីប្ដេជ្ញាចិត្តចំពោះបងប្អូនប្រជាពលរដ្ឋ អំពីកម្មវិធីគោលនយោបាយនានាដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
-លោកកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងប្រកាសប្រគល់ភារកិច្ចជាក់ស្ដែងចំពោះមុខដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវប្រជុំ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិត ផ្នែកវាយនភ័ណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ឱ្យបានរួចរាល់មុនថ្ងៃភ្ជុំបិណ្ឌ។
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសអនុញ្ញាតដល់បងប្អូនកម្មករនិយោជិត អាចចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញ ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលចំនួន ១.៥ លាននាក់ ដើម្បីអាចបង្កើនជំនាញរបស់ខ្លួនបន្ថែមទៀតផងដែរ។
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា វិស័យឧស្សាហកម្មដើរទៅមុខ ដោយមានតួរអង្គ ៣សំខាន់ គឺកម្មករនិយោជិត ម្ចាស់រោងចក្រ និងរាជរដ្ឋាភិបាល។ បើគ្មានតួរអង្គទាំង ៣នេះ គឺវិស័យរោងចក្រកាត់ដេរ និងវាយនភណ្ឌមិនអាចរីកចម្រើនទៅមុខបានទេ។
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលអាណត្តិថ្មីគោលដៅទី១សំខាន់ គឺថែរក្សាឱ្យបានដាច់ខាតនូវសមិទ្ធផលដែលគណបក្សប្រជាជនខិតខំកសាងជាង៤០ ឆ្នាំកន្លងមកនេះ ជាពិសេស គឺសន្ដិភាព និងស្ថិរភាពរបស់កម្ពុជា។
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺមិនមែនជាគោលនយោបាយឆក់កណ្ដៀត ដូចគណបក្សនយោបាយមួយចំនួនដែលមានភាពមិនច្បាស់លាស់នោះទេ។ ប៉ុន្ដែគោលនយោបាយរបស់គណបក្សប្រជាជន គឺជាគោលនយោបាយច្បាស់លាស់ គ្រប់ជ្រុងជ្រោយ មាននិរន្តរភាព និងមានរយៈពេលយូរអង្វែងសម្រាប់អភិវឌ្ឍជាតិ មាតុភូមិ។
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងរំលឹកពីកេរ្តិ៍ដំណែលរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍន៍កម្ពុជានិងដឹកនាំរហូតមកដល់បច្ចុប្បន្ន។
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា អ្វីដែលមាននៅពេលបច្ចុប្បន្ននេះគឺជាស្នាដៃដ៏ធំធេងបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំកម្ពុជា។ លោកបានប្ដេជ្ញាថារដ្ឋាភិបាលអាណត្តិថ្មី នឹងបន្តរក្សាសមិទ្ធផលដែលទទួលបាននេះឱ្យកាន់តែរីកចម្រើនថែមទៀត។
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំពាវនាវដល់បញ្ញវ័ន្តអ្នកវិភាគទាំងឡាយកុំមើលងាយគេពេក ប៉ុន្ដែត្រូវត្រូវវិភាគរិះគន់ដើម្បីស្ថាបនា។ អ្នកខ្លះអង្គុយតែវិភាគមើលងាយគេ ប៉ុន្ដែមិនបានយល់អ្វីដែលជាគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលក៏ដូចជាគណបក្សប្រជាជនកម្ពុជាឡើយ។
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលពីមុនមាន៖ មនុស្ស ទឹក ផ្លូវ ភ្លើង ប៉ុន្ដែឥឡូវរាជរដ្ឋាភិបាលត្រូវអភិវឌ្ឍបន្ថែមនូវគោលនយោបាយទំនើបជាពិសេសប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ គឺការពារឱ្យបានដាច់ខាត សុខសន្តិភាព ស្ថិរភាពនយោបាយ ទោះ ១០០ឆ្នាំទៀត ក៏នៅតែ ការពារសន្តិភាពឲ្យបានជានិច្ច។
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា អាជីពដែលសុចរិត គឺជាអាជីពដែលថ្លៃថ្នូរ ដែលជាកម្លាំងរឹងមាំសម្រាប់ជាតិរបស់យើង។
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ ខ្ញុំគ្មានពេលឈ្លោះជាមួយអ្នកនយោបាយរត់ចោលស្រុកមួយចំនួននោះទេ ពេលវេលារបស់ខ្ញុំគឺទុកសម្រាប់ប្រទេសជាតិ និងប្រជាជន។ ប៉ុន្ដែបើចង់ឈ្លោះចាំឈ្លោះជាមួយអ្នកនាំពាក្យរបស់ខ្ញុំទៅ។ ប៉ុន្ដែពេលខ្លះខ្ញុំក៏ត្រូវមានមតិខ្លះដែរ។ លោកនាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបញ្ជាក់ថា ពេលរបស់គាត់គឺមានសម្រាប់តែប្រជាពលរដ្ឋកម្ពុជាតែប៉ុណ្ណោះ។
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងទៅកាន់ក្រុមប្រឆាំងនៅក្រៅស្រុកមួយចំនួនថា បើធ្វើបាតុកម្មនៅក្រៅស្រុក សូមធ្វើដោយស្របច្បាប់ប្រយ័ត្នផ្ទុយពីច្បាប់នៅស្រុកគេ។ លោកបណ្ឌិតបន្តថា ពេលនេះគឺជាពេលជជែកគ្នាពីគោលនយោបាយ និង អនុសាសន៍នានា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ មិនមែនជាពេលវេលាធ្វើបាតុកម្មនោះទេ។
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា ក្រុមដែលខ្ញុំបង្កើតមុនគេ គឺជាក្រុមព័ត៌មាន ដើម្បីប្រមូលព័ត៌មាននានាពីប្រជាពលរដ្ឋនូវទូទាំងប្រទេសដែលស្នើមក ដើម្បីដោះស្រាយរាល់សំណូមពរនានាជូនប្រជាពលរដ្ឋ។
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា ការដាក់ចេញនូវគោលនយោបាយមួយ គឺមិនមែនជាការដាក់ចេញនូវគោលនយោបាយដែលស្អាត ឬពិរោះស្ដាប់នោះទេ ប៉ុន្ដែជាការដាក់ចេញនូវគោលនយោបាយដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាជន។ ហើយគោលនយោបាយដែលបានដាក់ចេញហើយ គឺត្រូវតាមដានលើការអនុវត្តចំពោះគោលនយោបាយទាំងនោះឱ្យបានជាប់ជានិច្ច។
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអន្តរជាតិនានា ដែលបានផ្ញើសារលិខិតអបអរសាទរ ចំពោះការឡើងតំណែងជានាយករដ្ឋមន្រ្ដីនៃកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភារបស់លោក។ ខណៈការផ្ញើសារលិខិតអបអរសាទរនេះ គឺមិនមែនជាកាតព្វកិច្ចរបស់ប្រទេសនានា ឬប្រទេសទំនាក់ទំនងការទូតណាមួយនោះទេ។
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា កូវីដ-១៩ សម្លាប់យើងពីរផ្នែក ទី១ គឺអាយុជីវិត ទី២ គឺសេដ្ឋកិច្ច។ ដូច្នេះការសម្រេចចិត្តដ៏លំបាករបស់សម្ដេចតេជោ ហ៊ុន សែន នាពេលនោះ គឺជាការសម្រេចចិត្តដ៏លំបាក ដើម្បីថែរក្សាអាយុជីវិតរបស់ប្រជាជនផងតាមរយៈការបញ្ចេញថវិកាសន្សំរបស់រដ្ឋផ្ដល់ការឧបត្ថម្ភដល់ប្រជាពលរដ្ឋ និងរក្សាឱ្យបាននូវស្ថិរភាពរបស់ប្រទេសកម្ពុជា។
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា គោលនយោបាយថ្មីសម្រាប់អាណត្តិទី៧នេះ គឺទី១ ថែរក្សាស្ថិរភាពនយោបាយ និងសន្ដិភាពរបស់ប្រទេសកម្ពុជា ដែលថ្នាក់ដឹកនាំអាណត្តិចាស់បានខិតខំកសាង និងបង្កើតឡើងជាង ៤០ឆ្នាំមកនេះ និងទី២ បង្កើនផលប្រយោជន៍ដល់ដៃប្រជាពលរដ្ឋ មានដូចជា គោលនយោបាយគន្លឹះទាំង៦ និងយុទ្ធសាស្រ្ដបញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ចេញ កាលពីថ្ងៃទី ២៤ ខែសីហានេះ។
-លោកកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា អ្នកធ្វើគោលនយោបាយជាតិ គឺសុទ្ធតែជាបណ្ឌិតដែលមានបទពិសោធន៍ការងារ និងបានសិក្សានៅក្រៅប្រទេសជាច្រើនរូប។
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា កម្មវិធីគោលនយោបាយគន្លឹះអាទិភាពទាំង ៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញក្នុងអាណត្តិទី៧នេះ គឺត្រូវអនុវត្តភ្លាមៗក្នុងឆ្នាំ ២០២៣នេះ តែម្ដងគឺមិនអាចរងចាំឡើយចំពោះការងារបម្រើប្រជាពលរដ្ឋ។
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវ ត្រូវបង្កើតឱ្យមានការប្រកួតប្រជែងលើប្រធានបទ សុខុមាលភាពកន្លែងការងារសម្រាប់បងប្អូនកម្មករនិយោជិតចាប់ពីឆ្នាំ ២០២៤ តទៅ។
លោកកត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាសទទួលរាល់ការរិះគន់ដើម្បីស្ថាបនា ប៉ុន្ដែមិនទទួលចំពោះការរិះគន់ដើម្បីតែវាយប្រហារ និងជាន់បន្លិចនោះទេ។ ដូច្នេះរាល់ការរិះគន់ គឺមិនមែនត្រូវតែមានការឆ្លើយតបគ្រប់ពេលនោះដែរ។
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា ការកែទ្រង់លើវិស័យមុខងារសាធារណៈក៏ជាវិស័យអាទិភាពទីមួយសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះផងដែរ។ ជាពិសេសគឺការជ្រើសរើសមន្រ្ដីរាជការថ្មី គឺត្រូវជ្រើរើសមន្រ្ដីឱ្យចូលបម្រើការងារឱ្យចំជំនាញច្បាស់លាស់។
-លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា ប្រព័ន្ធលើកទឹកចិត្តថ្មី គឺផ្ដោតលើមន្រ្ដីដែលធ្វើការងារជំនាញច្បាស់លាស់ ជាពិសេសមន្រ្ដីដែលស្ថិតនៅលើមុខងារលើការរៀបចំផែនការ និងគោលនយោបាយ គឺត្រូវមានការលើកទឹកចិត្តបន្ថែម។ លោកកត្តិទេសាភិបាលបណ្ឌិត ណែនាំដល់ក្រសួងពាក់ព័ន្ធត្រូវរៀបចំបង្កើតឱ្យមានក្រុមការងារក្នុងការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីរៀបចំចង់ក្រង និងសរសេរប្រវត្តិសាស្រ្ដរបស់ប្រទេសកម្ពុជា៕
ដោយ៖ ស តារា