ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសង្កមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបានចាត់តាំង លោក ឯម ច័ន្ទមករា ជាប្រធានក្រុមអ្នកនាំពាក្យរបស់រដ្ឋមន្ត្រីក្រសួង។ នេះបើយោងតាម សេចក្តីសម្រេច ស្តីពី ការបង្កើតក្រុមអ្នកនាំពាក្យរបស់រដ្ឋមន្តី្រ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលអង្កភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” ទទួលបាននៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។
រដ្ឋមន្ត្រីក្រសួងសង្កមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រេច :
ប្រការ១..ត្រូវបានបង្កើតក្រុមអ្នកនាំពាក្យរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំណុះខុទ្ទកាល័យរដ្ឋមន្ត្រី ដើម្បីធ្វើជាសេនាធិការលើកិច្ចការព័ត៌មានរបស់ លោករដ្ឋមន្ត្រីនិងក្រសួង។
ប្រការ២..ត្រូវបានចាត់តាំង លោក ឯម ច័ន្ទមករា ជាប្រធានក្រុមអ្នកនាំពាក្យរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ការតែងតាំងនិងការផ្លាស់ប្តូរសមាសភាពនៃក្រុមអ្នកនាំពាក្យរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវធ្វើឡើងតាមការសម្រេចរបស់រដ្ឋមន្ត្រី ដោយយោងតាមសំណើរបស់ប្រធានក្រុម អ្នកនាំពាក្យ។
ក្រុមអ្នកនាំពាក្យរបស់លោករដ្ឋមន្ត្រីអាចបង្កើតក្រុមការងារចំណុះតាមការចាំបាច់ តាមការសម្រេច របស់លោករដ្ឋមន្ត្រីដោយយោងតាមសំណើរបស់ប្រធានក្រុមអ្នកនាំពាក្យដើម្បីអនុវត្តភារកិច្ចរបស់ខ្លួន។
ប្រការ៣ ..ក្រុមអ្នកនាំពាក្យរបស់ លោករដ្ឋមន្ត្រី មានភារកិច្ចដូចខាងក្រោម៖
– សម្របសម្រួលព័ត៌មានផ្ទាល់ខ្លួនរបស់លោករដ្ឋមន្ត្រី និងរបស់ក្រសួង ទំនាក់ទំនងជាមួយ បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិសម្រាប់ព័ត៌មានពាក់ព័ន្ធនឹងឯកឧត្តមរដ្ឋមន្ត្រី និ ង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
– ទំនាក់ទំនងជាមួយបណ្តាក្រសួង ស្ថាប័ន និងអង្គភាពនានាសម្រាប់ព័ត៌មានពាក់ព័ន្ធនឹង លោករដ្ឋមន្ត្រី និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា – ស្រាវជ្រាវនិងប្រមូលចងក្រងរាល់ព័ត៌មានដែលពាក់ព័ន្ធនឹង លោករដ្ឋមន្ដ្រី និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
– រៀបចំសេចក្តីបំភ្លឺ សេចក្តីប្រកាសព័ត៌មាន សេចក្ដីថ្លែងការណ៍ និងការផ្សព្វផ្សាយផ្សេងទៀត អំពីព័ត៌មានរបស់លោករដ្ឋមន្ត្រី និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាឱ្យបានទាន់ពេលនិងមានប្រសិទ្ធភាពខ្ពស់ – គ្រប់គ្រងការផ្សាយរបស់គេហទំព័រនិងគ្រប់បណ្តាញសង្គមរបស់ក្រសួង
– បំពេញភារកិច្ចផ្សេងទៀតដែលឯកឧត្តមរដ្ឋមន្ត្រីប្រគល់ជូន។
ប្រការ៤..ក្រុមអ្នកនាំពាក្យរបស់រដ្ឋមន្ត្រី មានថវិកាសម្រាប់ដំណើរការការងាររបស់ខ្លួនក្នុងកញ្ចប់ថវិការបស់ខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រី។
ប្រការ៥..បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះត្រូវទុកជានិរាករណ៍។
ប្រការ៦..នាយកខុទ្ទកាល័យ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថានជាតិ ប្រធាននាយកដ្ឋាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ខេត្ត និងសាមីខ្លួនដូចមានចែងក្នុងប្រការ២ ត្រូវទទួលបន្ទុកអនុវត្ត ប្រកាសនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សុខ ខេមរា