សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣បានផ្សាយថា នៅថ្ងៃសុក្រនេះប្រជាជនសិង្ហបុរីកំពុងនាំគ្នាទៅបោះឆ្នោតដើម្បីជ្រើសរើសប្រធានាធិបតីដែលជាលើកដំបូងក្នុងរយៈពេលជិត ១២ឆ្នាំ។
ក្រុមអ្នកវិភាគនយោបាយបាននិយាយថា ការបោះឆ្នោតនាថ្ងៃសុក្រនេះ អាចជាសញ្ញាមួយបង្ហាញពីកម្រិតនៃការគាំទ្រចំពោះគណបក្សកាន់អំណាច PAP នៅមុនការបោះឆ្នោតសកល ដែលត្រូវធ្វើឡើងមិនយូរជាង២០២៥ ឬមួយក៏កម្រិតនៃការមិនពេញចិត្តរបស់សាធារណជន ក្រោយពីការផ្ទុះរឿងអាស្រូវនាពេលថ្មីៗកន្លងទៅ ដែលរួមមានទាំងការស៉ើបអង្កេតអំពើពុករលួយលើរដ្ឋមន្រ្តីដឹកជញ្ជូន ហើយនិងការលាលែងពីតំណែងរបស់សមាជិកសភាមួយចំនួននៃគណបក្ស PAP ដោយសារតែរឿងទំនាក់ទំនងស្នេហា។
បេក្ខជនដែលនាំមុខគេក្នុងការបោះឆ្នោត គឺអតីតឧបនាយករដ្ឋមន្រ្តី លោក ថាម៉ាន់ សានមូហ្ការ៉ាត់ណាំ (Tharman Shanmugaratnam) វ័យ៦៦ឆ្នាំ ខណៈបេក្ខជន២រូបទៀតរួមមានលោក អិន កុកសុង (Ng Kok Song) អាយុ៧៥ឆ្នាំ ដែលធ្លាប់បានកាន់តំណែងជានាយកផ្នែកវិនិយោគ របស់ក្រុមហ៊ុន GIC ដែលទទួលបន្ទុកគ្រប់គ្រងលើទុនបម្រុងអន្តរជាតិរបស់ប្រទេសសិង្ហបុរី និងមហាសេដ្ឋី លោក តាន់ គីនលៀន (Tan Kin Lian) អាយុ៧៥ឆ្នាំ ជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន NTUC Income ដែលជាក្រុមហ៊ុនធានារ៉ាប់រងធំមួយរបស់សិង្ហបុរី។ លោក តាន់ ក៏ធ្លាប់ទទួលបរាជ័យក្នុងការប្រជែងតំណែងប្រធានាធិបតី កាលពីឆ្នាំ២០១១ផងដែរ។
ការបោះឆ្នោតខាងលើ គឺដើម្បីជ្រើសរើសអ្នកបន្តតំណែងពី ប្រធានាធិបតីសិង្ហបុរីបច្ចុប្បន្ន គឺលោកស្រី ហាលីម៉ាស់ យ៉ាកូប (Halimah Yacob) ដែលបានជាប់ជាប្រធានាធិបតីដោយស្វ័យប្រវត្តិកាលពីឆ្នាំ២០១៧ ដោយសារលោកស្រី គឺជាបេក្ខជនតែម្នាក់គត់ ដែលត្រូវបានតែងតាំងឱ្យឈរឈ្មោះនាពេលនោះ។ អាណត្តិប្រធានាធិបតីសិង្ហបុរីមានរយៈពេល៦ឆ្នាំ និងគ្មានមានការកំណត់ឡើយ ខណៈលោកស្រីបានសម្រេចចិត្តមិនបន្តឈរឈ្មោះ សម្រាប់អាណត្តិថ្មី។ ដោយឡែក ដ្បិតមានប្រធានាធិបតីក៏ដោយ ក៏រដ្ឋាភិបាលប្រទេសសិង្ហបុរីស្ថិតនៅក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី ដែលបច្ចុប្បន្នគឺលោក លី សៀនឡុង នៃគណបក្ស PAP ដែលជាបក្សដឹកនាំប្រទេសដែនកោះមួយនេះ ចាប់តាំងតែពីឆ្នាំ១៩៥៩ រហូតមក។
សម្រាប់ការបោះឆ្នោតវិញ គឺវាជាកាតព្វកិច្ចសម្រាប់ប្រជាជនដែលមានសិទ្ធិបោះឆ្នោតជាង២.៧លាននាក់ នៅសិង្ហបុរី។ បុគ្គលដែលមិនបានបោះឆ្នោត ដោយមិនមានហេតុផលសមរម្យ គឺប្រឈមនឹងហានិភ័យត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត៕ ដោយ៖ ធីរីណា
រូបថត៖ THE STRAITS TIMES