ភ្នំពេញ ៖ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មានការគាំទ្រយ៉ាងរឹងមាំទាំងផ្ទៃក្នុងជាតិ ក្នុងឆាកតំបន់និងលើឆាកអន្តរជាតិ ។
ទី១៖ ការចេញដំណើររបស់គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី គឺជាការចាប់ផ្តើមបើកទំព័របេសកកម្មក្រៅប្រទេសក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។ នាឱកាសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលជាមេដឹកនាំក្មេងជាងគេក្នុងចំណោមមេដឹកនាំដែលចូលរួមប្រជុំនៅហ្សាការតាក៏គ្រោងជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំប្រទេសធំៗជាច្រើនទៀតមានដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ឥណ្ឌា សហរដ្ឋអាមេរិក អូស្ត្រាលី និងនូវែលហ្សេឡង់ ជាដើម។ នៅមុនពេលចេញដំណើរនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងាររួចហើយជាមួយតំណាងប្រទេសមហាអំណាចធំៗដូចជា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, គណៈប្រតិភូសភានិងតំណារដ្ឋាភិបាលសហរដ្ឋអាមេរិក និងរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តចិន ជាដើម។
ទី២៖ រហូតមកទល់ពេលនេះ មានមេដឹកនាំ ដែលជាប្រធានាធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ មកពីជាង ៤០ ប្រទេស និងមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោកបានផ្ញើសារអបអរសាទរជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់កម្ពុជា។ មានប្រទេសខ្លះ បានផ្ញើរសារអបអរសាទររហូតដល់ពីរឬបីក៏មានពោលគឺសារអបអរសាទរពីនាយករដ្ឋមន្ត្រីឬប្រធានាធិបតីផង រដ្ឋមន្ត្រីការបរទេសផង និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតផង។ នេះសបញ្ជាក់អំពីសន្តានចិត្តនិងមនោសញ្ចេតនាគាំទ្រដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងនោះមកលើសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានក្លាយជានាយករដ្ឋមន្ត្រីបន្តវេនរបស់កម្ពុជាតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។
ទី៣៖ ក្រឡេកទៅមើលការបោះឆ្នោតកាលពីថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ អត្រានៃការចូលរួមបោះឆ្នោតមានរហូតដល់ជាង ៨៤% ក្នុងនោះមានអ្នកបោះឆ្នោតជាង ៨២% បានទម្លាក់សន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ មានន័យថា ប្រជាពលរដ្ឋខ្មែរគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន។ បើធៀបនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាកើនឡើងពីជាង ៧៤% ដល់ជាង ៨២%។ នេះសបញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋខ្មែរគាំទ្រយ៉ាងលើសលប់ដល់បេក្ខជននាយករដ្ឋមន្ត្រីបន្តវេនគឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ឈរលើមូលដ្ឋានដូចបានលើកឡើងខាងលើ គេអាចសន្និដ្ឋានបានប្របកដោយភាពសត្យានុម័តថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ចេញដំណើរនៅលើមូលដ្ឋានគ្រឹះនៃការគាំទ្រយ៉ាងរឹងមាំពីសំណាក់ផ្ទៃក្នុងជាតិផង ពីសំណាក់ប្រទេសក្នុងតំបន់ផង និងលើឆាកអន្តរជាតិផង៕
(ដោយ ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល)