ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យស្រវឹងស្រា ជនជាតិចិនបើករថយន្តឡិចស៊ីសRX.330បុករះឡំប្រឺតានិងម៉ូតូខូចខាតធ្វើឱ្យមនុស្សរងរបួសធ្ងន់និងស្រាល

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនជាតិចិនសង្ស័យស្រវឹងស្រាចេញពីក្លិបកម្សាន្តបើករថយន្តឡិចស៊ីសRX.330បុករះឡំប្រឺតានិងម៉ូតូខូចខាតជាច្រើនគ្រឿងធ្វើឱ្យមនុស្សរងរបួសធ្ងន់និងស្រាលទាំងព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតក្នុងភូមិក្បាលស្ពានមួយ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

     អ្នកឃើញហេតុការណ៍ប្រាប់ថា៖នៅពេលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺមានរថយន្តឡិចស៊ីស RX.330 ពាក់ផ្លាកលេខភ្នំពេញ2AL.7905 បើកបរដោយជនជាតិចិនក្នុងទិសដៅពីជើងទៅត្បូងតាមផ្លូវបេតុងដែលគេសង្ស័យថាស្រវឹងចេញពីក្លិបកម្សាន្តបុករះពីក្រោយបណ្តាលឱ្យឡំប្រឺតានិងម៉ូតូ៤ទៅ៥គ្រឿងដែលកំពុងធ្វើដំណើរនិងចតចោលនៅចិញ្ចើមផ្លូវរងការខូចខាតរួមទាំងមនុស្សមានអ្នករងរបួសធ្ងន់ស្រាល៤ទៅ៥នាក់ត្រូវបានសង្គ្រោះបន្ទាន់។

    ក្រោយកើតហេតុគេឃើញប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឃាត់ជនជាតិចិនដែលបង្កគ្រោះថ្នាក់ប្រគល់ជូនមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងប៉ោយប៉ែត។  នគរបាលជំនាញពេលមកដល់បានសម្រួលចរាចរណ៍និងធ្វើការវាស់វែង ដោយបានប្រាប់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងដែលបង្កដោយជនជាតិចិនគាត់ស្រវឹងស្រាជោកជាំបើកបររថយន្តបុករះបណ្តាលឱ្យខូចខាតឡំប្រឺតានិងម៉ូតូ៤ទៅ៥គ្រឿងនិងមានអ្នករងរបួសធ្ងន់ស្រាល៤ទៅ៥នាក់ត្រូវបានសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ។

    មន្ត្រីនគរបាលចរាចរណ៍បានបញ្ជាក់ថា៖ គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយជនជាតិចិនគាត់ស្រវឹងបើកបរបុករះបណ្តាលឱ្យខូចខាតឡំប្រឺតានិងម៉ូតូ ហើយមានអ្នករងគ្រោះនោះ ក្រោយពិនិត្យវាស់វែងហើយត្រូវបានយកទាំងអ្នកបើកបរនិងរថយន្តបង្ក ព្រមទាំងឡំប្រឺតារួមទាំងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីដោះស្រាយគ្នាតាមច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖