ព័ត៌មានទាន់ហេតុការណ៍៖

ខ្លឹមសារសង្ខេបស្តីពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ចូលរួមពិធីបើក, កិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំចង្អៀត នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី

ចែករំលែក៖

ប្រទេសឥណ្ឌូនេស៊ី ៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើក៤៣ (កិច្ចប្រជុំពេញអង្គ) ត្រូវបាន រៀបចំឡើងយ៉ាងមហាឱឡារិកនៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដោយមានការចូលរួមពីព្រះចៅស៊ុលតង់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងភរិយាថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន អគ្គលេខាធិការអាស៊ាន ក៏ដូចជាភ្ញៀវកិត្តិយសអន្តរជាតិជាច្រើនរូបទៀត។ គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងអមដំណើរដោយ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃសសរស្ដម្ភទាំងបី និង មន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។

បន្ទាប់ពីពិធីបើកសម័យប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ បានដំណើរការក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន” កិច្ចប្រជុំកំពូលបានស្តាប់របាយការណ៍របស់តំណាងមូលនិធិ រូបិយប័ណ្ណអន្តរជាតិ(IMF) ធនាគារពិភពលោក និងរបាយការណ៍របស់ លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដោយជម្រាបជូនថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ានអំពីស្ថានការណ៍វិវត្តន៍នៃសភាពការណ៍ ជាទូទៅ ក្នុងនោះរបាយការណ៍បានកត់សម្គាល់ឃើញថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ដោយសារវិបត្តិជំងឺកូវីដ-១៩ និងដោយសារវិបត្តិនៃសង្គ្រាម ក៏ដូចជាភាពតានតឹងនៅក្នុងតំបន់មួយចំនួន ប៉ុន្តែ សម្រាប់អាស៊ាននៅតែជាពន្លឺនៃកំណើនសេដ្ឋកិច្ចរបស់ពិភពលោក ដោយឆ្នាំ២០២៣ អាស៊ានអាចទទួលបាននូវកំណើនផលិតផលក្នុងស្រុកសរុប៤,៦% ស្មើនឹងប្រមាណ ៣,៦ ទ្រីលានដុល្លារ ដែលស្មើនឹងប្រមាណ១០% នៃផលិតផលក្នុងស្រុក(GDP) សរុបរបស់ពិភពលោកនិងជាកម្លាំងសេដ្ឋកិច្ចលំដាប់ទី៥លើពិភពលោក។

ទោះបីមានចំណុចវិជ្ជមានយ៉ាងនេះក្តី តំណាងស្ថាប័នរូបិយប័ណ្ណអន្តរជាតិ និងធនាគារពិភពលោក បានអំពាវនាវឱ្យអាស៊ានធ្វើការកែទម្រង់ស្ថាប័ននេះ ពង្រឹងការវិនិយោគលើការងារ លើប្រជាជន យុវជន លើវិស័យអប់រំ បច្ចេកិវទ្យាឌីជីថល និងរាល់កំណើនដែលធានាឱ្យមានចីរភាព។

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ាន បានថ្លែងនូវចំណាប់អារម្មណ៍ជាបន្តបន្ទាប់ដោយចាប់ ផ្តើមពីការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ានជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្វាគមន៍របស់ លោក ខេរ៉ឡា ហ្សាណាណា គូសម៉ៅ នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលចូលរួម ក្នុងកិច្ចប្រជុំក្នុងនាមជាអ្នកអង្កេតការអាស៊ាន។ ថ្នាក់ដឹកនាំជាច្រើនក៏បានរំឭកដល់កេរ្តិ៍ឈ្មោះដ៏ប្រពៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានចូលរួមវិភាគទានដ៏ធំធេងក្នុងការពូនជ្រុំ និងការធ្វើសមារណកម្មអាស៊ាន។

ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គអាស៊ានលើកទី៤៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ប្រទេសឥណ្ឌូនេស៊ីសម្រាប់ការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូកម្ពុជា និងបានអបអរសាទរ ដល់ឥណ្ឌូនេស៊ីក្នុងការរៀបចំបានយ៉ាងល្អនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងពីការព្រួយបារម្ភនៃការកើនឡើងនៃការប្រទាញប្រទង់ខាងភូមិ សាស្ត្រនយោបាយ ដែលធ្វើឱ្យប្រទេសមួយចំនួនមានការលំបាកក្នុងការស្វែងរកចំណុចអព្យាក្រឹត្យដែលអាចគាំទ្របានយ៉ាងពិតប្រាកដ ប្រកបដោយបរិយាប័ន្ន កិច្ចសហប្រតិបត្តិការ និងការរួមរស់ដោយសន្តិភាព។

ក្នុងន័យនេះ ការឆ្លើយតបរបស់អាស៊ានពិតជាមិនមានភាពគ្រប់គ្រាន់ បើអាស៊ានគ្រាន់តែឆ្លើយតបប្រកប ដោយប្រសិទ្ធភាពចំពោះវិបត្តិដែលកំពុងកើតឡើងនោះ អាស៊ានត្រូវតែមានសមត្ថភាពក្នុងការប្រមើលមើលទប់ ស្កាត់វិបត្តិ ហើយឈានទៅកាត់បន្ថយផលប៉ះពាល់តាមរយៈការប្រើប្រាស់តួនាទីពិសេសនៃកិច្ចប្រជុំកំពូលអាស៊ាន និងក្នុងនាមជាសា្ថប័នរៀបចំគោលនយោបាយកំពូលស្របតាមគោលការណ៍ស្នូលនៃការពិគ្រោះយោបល់ និងគោល ការណ៍កុងសង់ស៊ីស អាស៊ានអាចចាត់វិធានការម៉ឺងម៉ាត់និងទាន់ពេលវេលាលើបញ្ហាដែលមានភាពបន្ទាន់និងមាន សារៈសំខាន់។ ដើម្បីឱ្យក្លាយទៅជាមជ្ឈមណ្ឌលនៃកំណើនរបស់ពិភពលោក អាស៊ានត្រូវស្វែងរកប្រភពថ្មីនៃកំណើនដ៏រឹងមាំនិងមានភាពធន់នឹងវិបត្តិ ដែលរួមមានដូចជា ការធ្វើបរិវត្តកម្មឌីជីថល អន្តរកាលបៃតង (សេដ្ឋកិច្ចពណ៌ខៀវ និងសេដ្ឋកិច្ចច្នៃប្រឌិត)។

នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ អង្គប្រជុំកំពូលបានអនុម័តលើឯកសារសំខាន់ៗមួយចំនួនដូចជា៖

សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានអំពីអាស៊ានជាស្នូលនៃកំណើន សេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការពង្រឹងសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភដើម្បីឆ្លើយតបទៅនឹងវិបត្តិ សេចក្ដីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការអភិវឌ្ឍនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល កិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌសេដ្ឋកិច្ចអាស៊ានបៃតង និងសេចក្តីព្រាងនៃចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ។

នារសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសអាស៊ានបានចូលរួមកិច្ចប្រជុំចង្អៀត ដើម្បីផ្លាស់ប្តូរយោបល់អំពីស្ថានការណ៍វិវត្តនៅក្នុងតំបន់និងលើសកលលោកមួយចំនួនដែលមានការចាប់អារម្មណ៍រួម៕

ដោយ ៖ សិលា


ចែករំលែក៖