បណ្តាប្រទេសលោកខាងលិច បានផ្តល់អាវុធ មានតម្លៃរាប់សិបពាន់លានដុល្លារឲ្យទៅអ៊ុយក្រែនសម្រាប់ធ្វើសង្គ្រាមជាមួយរុស្ស៊ី។ ផ្ទុយទៅវិញ លោកខាងលិចបានព្យាយាមរារាំង រាល់ការប៉ុនប៉ងបញ្ជូនអាវុធទៅឲ្យរុស្ស៊ី ពិសេសគឺប្រទេសកូរ៉េខាងជើង ដែលជាប់ព្រំដែនរុស្ស៊ី ហើយមានទំនាក់ទំនងល្អជាមួយរុស្ស៊ី។
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា សេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានព្រមានកូរ៉េខាងជើង ពី «ផលវិបាក» ប្រសិនបើហ៊ានលក់អាវុធឱ្យរុស្ស៉ី សម្រាប់សង្រ្គាមឈ្លានពានរបស់លោក ពូទីន ប្រឆាំងនឹងអ៊ុយក្រែន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបង្ហើបឱ្យដឹងថាទីក្រុងព្យុងយ៉ាងកំពុងស្ថិតនៅក្នុងកិច្ចចរចា ស្ដីពីកិច្ចព្រមព្រៀងអាវុធជាមួយទីក្រុងមូស្គូ។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយថាសហរដ្ឋអាមេរិកជឿជាក់ថាកិច្ចចរចារវាងកូរ៉េខាងជើង និងរុស្ស៉ី មានភាពជឿនលឿន ទៅមុខយ៉ាងសកម្ម។ លោក Sullivan បានគូសបញ្ជាក់ដូច្នេះថា «ការផ្ដល់អាវុធឱ្យរុស្ស៉ី យកទៅប្រើប្រាស់នៅលើសមរភូមិដើម្បីវាយប្រហារលើឃ្លាំងស្ដុក ធញ្ញជាតិ និងហេដ្ឋារចនាសម្ព័ន្ធកម្ដៅនៅតាមទីក្រុងធំៗ ខណៈយើងកំពុងឆ្ពោះទៅរករដូវរងា ព្រមទាំងដើម្បីដណ្ដើមយកទឹកដីដែលជាកម្មសិទ្ធរបស់ រដ្ឋអធិបតេយ្យមួយ មិនមែនជារឿងល្អសម្រាប់កូរ៉េខាងជើងនោះទេ ហើយពួកគេនឹងត្រូវតបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសមពីសហគមន៍អន្តរជាតិ ចំពោះរឿងមួយនេះ (ប្រសិនបើហ៊ានលក់អាវុធឱ្យរុស្ស៉ី)»។
ការអត្ថាធិប្បាយរបស់លោក Jake Sullivan កើតមានឡើង បន្ទាប់ពីក្រុមមន្ត្រីអាមេរិកនៃរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានឱ្យដឹង កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៉ី ដើម្បីជួបលោក ពូទីន ក្នុងពេល ឆាប់ៗ ដោយមានកិច្ចព្រមព្រៀងអាវុធជារបៀបវារៈសំខាន់។ ប៉ុន្តែទាំងកូរ៉េខាងជើង និងរុស្ស៉ី មិនទាន់ធ្វើអត្ថាប្បាយលម្អិតឆ្លើយតបទៅនឹងការលើកឡើង នេះទេ៕ ដោយ៖ ធីរីណា
រូបថត៖ Reuters