ខេត្តស្ទឹងត្រែង ៖ លោក សុត រស្មី រដ្ឋលេខាធិការក្រសួង ធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមប្រចាំខេត្តក្រចេះ និងខេត្តស្ទឹងត្រែង អមដំណើរដោយលោករុន តូ អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោកប្រធានមន្ទីរ និងសហការី នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៣ បានចុះពិនិត្យជាក់ស្តែងស្ថាន ភាពកម្ពស់ទឹកស្ថិតនៅក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។ ក្នុងដំណើរចុះពិនិត្យស្ថានភាពជាក់ស្តែងលោករដ្ឋលេខា ធិការ អមដំណើរដោយ អនុរដ្ឋលេខាធិការ និងលោកប្រធានមន្ទីរខេត្ត បានចុះពិនិត្យស្ថានភាពទឹកនៅទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅខេត្តស្ទឹងត្រែង។
តាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរបានបញ្ជាក់ថា កម្ពស់ទឹកនៅទំនប់វារីអគ្គិសនីសេសានក្រោម២ មានកម្ពស់ ៧៥,២៦ម៉ែត្រ ធៀបនឹងនីវូទឹក សមុទ្រដែលបង្ហាញឱ្យឃើញថា ហាក់បីដូចជាខ្ពស់បន្តិចមែន ប៉ុន្តែពុំបានបង្កឱ្យបរិមាណទឹកនៅទន្លេ សេសានផ្នែកខាងក្រោមជួបនូវបញ្ហាខុសធម្មតាឡើយ។ លោកប្រធានមន្ទីរបានមានប្រសាសន៍បន្ថែមទៀតថា គិតមកត្រឹមថ្ងៃនេះ នៅតាមស្ថានីយជលសាស្រ្តរបស់មន្ទីរខេត្តស្ទឹងត្រែង កម្ពស់ទឹកនៅទន្លេសេសានមានត្រឹម តែ ៤,៧ម៉ែត្រ(កម្ពស់ពីបាតទន្លេ) បើធៀបទៅនឹងឆ្នាំ ២០២២ ឃើញថា មានកម្ពស់ទឹកនៅទាបជាងនៅឡើយ ហើយកម្ពស់ទឹកដែលត្រូវប្រុងប្រយ័ត្នលុះណាតែបរិមាណទឹកនៅក្នុងទន្លេសេសានឡើងដល់កម្រិត ១០,៥ម៉ែត្រ និងកម្ពស់ប្រកាសអាសន្ន ១១,៥ម៉ែត្រ។
លោកប្រធានមន្ទីរបញ្ជាក់ថា ទាំងបរិមាណទឹកនៅទំនប់វារីអគ្គិសនីសេសានក្រោម២និងទឹកផ្នែកខាងក្រោមទន្លេ សេសាន ពុំទាន់មានបញ្ហាអ្វីគួឲ្យកត់សម្គាល់នោះទេ៕
ដោយ៖ សហការី