សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែសីហា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) នាថ្ងៃពុធនេះ បានធ្វើដំណើរទៅដល់ទីក្រុងកៀវ ដោយមិនបានប្រកាសឱ្យដឹងជាមុន ហើយលោកត្រូវគេរំពឹងថា នឹងប្រកាសជំនួយទំហំលើស១ពាន់លានដុល្លារថ្មីទៀតសម្រាប់អ៊ុយក្រែន។
ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា លោក Blinken បានទៅដល់រដ្ឋធានីរបស់អ៊ុយក្រែន ហើយត្រូវបានទទួលស្វាគមន៍ដោយឯកអគ្គរដ្ឋទូតអាមេរិក លោកស្រី ប្រ៊ីដចិត ប្រ៊ីង (Bridget Brink)។ មន្រ្តីជាន់ខ្ពស់មួយរូបនៃក្រសួងការបរទេសអាមេរិកបានបង្ហើបថា «យើងរំពឹងថា លោករដ្ឋមន្រ្តី Blinken នឹងប្រកាសជំនួយថ្មីទៀតរបស់សហរដ្ឋអាមេរិក ដែលមានទំហំច្រើនជាង១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនអំឡុងដំណើរបំពេញទស្សនកិច្ចនេះ»។
ទស្សនកិច្ចនាថ្ងៃពុធនេះគឺជាដំណើរទស្សនកិច្ចលើកទី៤ហើយ របស់លោក Blinken ទៅកាន់អ៊ុយក្រែន គិតចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីដែលបានផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២។
ដំណើរទស្សនកិច្ចនេះទៀតសោត កើតមានឡើងរយៈពេលជិត៦ខែ ក្រោយប្រធានាធិបតីអាមេរិកលោកចូ បៃដិន បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ក្នុងឱកាសខួប១ឆ្នាំនៃការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន៕
ដោយ៖ ធីរីណា(រូបថត៖ Reuters)