ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានថ្លែងឱ្យដឹងថា៖ កាលពីយប់មិញនេះលោកបានចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរងផែនការងារ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ បានដឹងនាំកម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងនគរបាលការពារអន្តរាគមន៍ បានធ្វេីការចុះឆែកឆេរអាវុធគ្រឿងផ្ទុះ និងបទល្មើសផ្សេងៗ នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។
ជាមួយគ្នានោះ កម្លាំងក្រុមការងារផ្លូវជាតិ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី វ៉ែន រ៉ាវឿន ស្នងការរង បានចុះរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យជាតិស្រវឹង តេស្ដរកសារធាតុញៀនអ្នកបើកបរយានយន្តគ្រប់ប្រភេទ និងពង្រឹងការពាក់មួកសុវត្ថិភាពនៅពេលយប់ លេីផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២១៩-២២០ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
គួរជម្រាបដែរថា នៅថ្ងៃទី០៦ ខែកញ្ញាម្សិលមិញនេះដែរ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ក៏បានដាក់បទបញ្ជាឱ្យកម្លាំងនគរបាលជំនាញចរាចរណ៍ផ្លូវគោក ដែលចុះរឹតបន្តឹងត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ ទូទាំងខេត្ត មិនត្រូវពួនស្ទាក់ ប្រេីប្រាស់វិធានការណ៍ ពន្យល់ ណែនាំ ផ្សព្វផ្សាយអប់រំ ឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ និងវិធានការផាកពិន័យ តាមបទបញ្ញត្តិច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ ក្នុងគោលបំណងទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតមាននៅក្នុងខេត្តទាំងមូល ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ក៏បានសូមសំណូមពរចំពោះប្រជាពលរដ្ឋ សិស្សានុសិស្ស អាណាព្យាបាល មន្ទីរអង្គភាពពាក់ព័ន្ធទូទាំងខេត្តព្រះសីហនុ សូមចូលរួមសហការ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕
ដោយ៖ សហការី