ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបទ្វេភាគីរវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាមួយលោក គីម ជីន ព្យូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ

ចែករំលែក៖

ភ្នំពេញ​៖​ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបទ្វេភាគីរវាង  សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា  ជាមួយ ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ  នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយ និងកិត្តិយសយ៉ាងក្រៃលែង ក្នុងការ ទទួលស្វាគមន៍ ឯកឧត្ដម គីម ជីន លូ (Kim Jin Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ព្រមទាំងគណៈប្រតិភូទាំងមូល ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជា- ណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។ នេះគឺជាដំណើរទស្សនកិច្ច ជាប្រវត្តិសាស្ត្រ និងប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅជាទីបំផុត។

ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម គីម ជីន ពូ បានអញ្ជើញដាក់កូរ៉េនផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងមណ្ឌបព្រះបរមរូប ព្រះករុណា “ព្រះបរម រតនកោដ្ឋ” បន្ទាប់មក បានបន្តដំណើរមកកាន់វិមានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាទីដែល សម្តេចមហា រដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា និងសមាជិក ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភាកម្ពុជារៀបចំពិធី ទទួលបដិសណ្ឋារកិច្ចចំពោះ ឯកឧត្តម គីម ជីន លូ និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ជា ផ្លូវការ ដោយមានការធ្វើវន្ទនាកិច្ចពីកងកិត្តិយសតែទ័ពផងដែរ។

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ជាផ្លូវការរួចមក ឯកឧត្ដម គីម ជីន ពូ ក៏បានអញ្ជើញជួបសវនាការ និងពិភាក្សាការងារទ្វេភាគីជាមួយ សម្តេចមហារដ្ឋសភា ធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។

សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ការបោះឆ្នោតជាសកលនៅកម្ពុជាកាលពីខ កក្កដា ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍មួយជោគជ័យគួរឱ្យកត់សម្គាល់នៃលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចី ប៉ុន្តែកំពុង មានការរីកចម្រើន បានផ្ដល់នូវសមត្ថភាពរឹងមាំ សម្រាប់រដ្ឋសភានីតិកាលទី៧ និងកសាងមូលដ្ឋានគ្រឹះ សម្រាប់ ការផ្ទេរអំណាចដោយរលូននៅកម្ពុជា ដោយឈរលើគោលការណ៍ឯកភាពជាតិ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និង ឯកឧត្តម គីម ជីន លូ បានផ្លាស់ប្តូរទស្សនៈស្តីពីការអភិវឌ្ឍ ប្រទេសជាតិ និងបញ្ហាប្រឈមក្នុងតំបន់ប្រកបដោយភាពស្និទ្ធស្នាល មិត្តភាព និងស្ថាបនា។ ភាគីទាំងពីរបាន ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងលើកទឹកចិត្តឱ្យរដ្ឋាភិបាលទាំងពីរ ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្ន ដើម្បីលើកកម្ពស់ទំនាក់ទំនងកម្ពុជា-កូរ៉េ ឱ្យក្លាយទៅជា “ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ព្រមជាមួយនិង ការប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគោរពគ្នា ការជឿទុកចិត្តគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋសភា ក៏ដូចជារដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលបានជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ឯកឧត្តម គីម ជីន ឡូ បានសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះ សម្តេចរដ្ឋសភាធិបតី ដែលបានជាប់ឆ្នោត ជ្រើសតាំងជាប្រធានរដ្ឋសភាស្ត្រីដំបូងគេនៅកម្ពុជា។ សាធារណរដ្ឋកូរ៉េ ត្រៀមលក្ខណៈជាស្រេច ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងស្ថាប័ននីតិប្បញ្ញត្តិ និងប្រជាជនទាំងពីរ។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋសភា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ កូរ៉េ ដែលបានជួយសម្របសម្រួល និងគាំទ្រដល់ពលករ និងប្រជាពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅក្នុងប្រទេសកូរ៉ ហើយសង្ឃឹមថា រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនឹងបន្តការគាំទ្រ និងផ្ដល់ជំនួយបន្ថែមទៀត។ កម្ពុជាបានស្នើសុំ សាធារណរដ្ឋកូរ៉េឱ្យ ១.បង្កើនការនាំចូលផលិតផលពីកម្ពុជា ជាពិសេសទំនិញកសិកម្ម និងកសិផលកែច្នៃ ២.ជួយ បណ្តុះបណ្តាលខាងផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីឱ្យសភាកម្ពុជាមានធនធានគ្រប់គ្រាន់ ឈានទៅអភិវឌ្ឍខ្លួន ឱ្យក្លាយជាសភាឌីជីថល ៣.ជម្រុញឱ្យភ្ញៀវទេសចរកូរ៉េមកទស្សនាកម្ពុជាកាន់តែច្រើនដូចមុនសម័យកូវីដ១៩ និង ៤.ជម្រុញការវិនិយោគផ្ទាល់ពីសាធារណរដ្ឋកូរ៉េ ឱ្យមកកម្ពុជាកាន់តែច្រើនថែមទៀត។ ដោយឡែក សាធារណរដ្ឋកូរ៉េក៏បានសន្យាជួយគាំត្រដល់កម្ពុជាដើម្បីសម្រេចបាននូវចក្ខុវិស័យ នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល លើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាកសិកម្ម អព្យាក្រិតកាបោន និងទេសចរណ៍។

ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ លើការកសាងសមត្ថភាព ការអភិវឌ្ឍ ធនធានមនុស្ស ភាពប្រទាក់ក្រឡាគ្នានៃសន្តិសុខទឹក ថាមពល និងស្បៀង ការផ្លាស់ប្ដូរគ្នាទៅវិញទៅមកក្នុងវិស័យ អប់រំ និងវប្បធម៌ ព្រមទាំងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគីផ្សេងៗទៀត។ ទន្ទឹមនឹងនេះ កម្ពុជានឹងគាំទ សាធារណរដ្ឋកូរ៉េយ៉ាងពេញទំហឹងក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងប៊ូសាន ហើយក៏សូមស្វាគមន៍ចំពោះយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សាធារណរដ្ឋកូរ៉េ។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាលើការមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ សន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េមានការពាក់ព័ន្ធគ្នាទៅនឹងសន្តិភាពនិងសន្តិសុខនៅតំបន់អាស៊ី ប៉ាស៊ីហ្វិកទាំងមូល។កិច្ចពិភាក្សាការងារទ្វេភាគីបានបញ្ចប់ក្នុងបរិយាកាសរីករាយ មិត្តភាព និងភាពជាដៃគូ។ ភាគីទាំងពីរបាន អះអាងជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការអភិវឌ្ឍទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ជា ពិសេស ក្នុងកិច្ចសហប្រតិបត្តិការសភា និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។​ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

ដោយ៖ ស​ តារា


ចែករំលែក៖