ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចុះសួរសុខទុក្ខ គ្រួសារអតីតយុទ្ធជន ចំនួន១៨គ្រួសារ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ០៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត បានចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជន ចំនួន១៨គ្រួសារ ស្ថិតក្នុងភូមិប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

មានប្រសាសន៍សំណេះសំណាល ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានពាំនាំនូវការសួរសុខទុក្ខដល់បងៗអតីតយុទ្ធជន ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងបានថ្លែងអំណរអរគុណដល់បងៗនិវត្តន៍ជន ដែលបានពាលីកម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី ជាតិមាតុភូមិ និងថ្លែងអំណរគុណ ដែលបងប្អូន បន្តគាំទ្ររាជរដ្ឋាភិបាល សំដៅគោលនយោបាយដឹកនាំប្រទេស ប្រកបដោយការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ក្នុងស្មារតីរក្សា ស្រលាញ់សុខសន្តិភាព លោកស្នងការ បានសំណូមដល់បងៗជាឪពុកម្តាយ លោកតាលោកយាយ ត្រូវអប់រំកូនចៅរបស់ ឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមស្វែងយល់ពីការបើកបរ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។ 

ក្នុងនោះដែរ លោកស្នងការនិងក្រុមការងារបាននាំយកអំណោយ ជូនគ្រួសារអតីតយុទ្ធជន ទាំង១៨គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២០គីឡូក្រាម ទឹកត្រី១យួរ ត្រីខ១យួរ មី១កេស និងថវិកាចំនួន ៥ម៉ឺនរៀល ៕

ដោយ ៖ សហការី


ចែករំលែក៖