ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ជួបសំណេះសំណាលជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រកបដោយភាពស្និទ្ធស្នាល​ និងមិត្តភាព

ចែករំលែក៖

ទីក្រុង​ហ្សាកាតា​៖​ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នៅរសៀល​ថ្ងៃ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ ក៏បានជួបសំណេះសំណាលជាមួយលោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រកបដោយភាពស្និទ្ធស្នាល​ និងមិត្តភាព។ 

គួរជម្រាបជូនថា​ នៅឯកិច្ចប្រជុំរវាងប្លុកអាស៊ាន ជាមួយចិន សហរដ្ឋអាមេរិក និងប្រទេសដ៏ទៃទៀត ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៉ី នាថ្ងៃព្រហស្បតិ៍នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (António Guterres) បាននិយាយថា ពិភពលោកកំពុងប្រឈមមុខនឹងការបែកបាក់ប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣។

នៅសុន្ទរកថាដ៏ទូលំទូលាយមួយដែលទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ ការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុពហុភាគី និងការប្រែប្រួលអាកាសធាតុ លោក ហ្គូតឺរ៉េស បានអំពាវនាវដល់មេដឹកនាំពិភពលោកឲ្យស្វែងរកដំណោះស្រាយ ដោយសន្តិភាព និងរួមបញ្ចូលនូវបញ្ហាដែលពិភពលោកកំពុងប្រឈមមុខ។

ប្រមុខនៃ UN បានគូសសបញ្ជាក់ថា «មានហានិភ័យពិតប្រាកដនៃការបែងចែក ការប្រេះស្រាំយ៉ាងខ្លាំងក្នុងប្រព័ន្ធសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិភពលោក ជាមួយនិងយុទ្ធសាស្រ្តចម្រុះលើវិស័យបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ក៏ដូចជាការប៉ះទង្គិចគ្នានៃក្របខ័ណ្ឌសន្តិសុខ»។ លោក ហ្គូតឺរ៉េស ក៏បានអំពាវនាវឲ្យមានយន្តការមួយ ដើម្បីផ្តល់ជំនួយសង្គ្រោះសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ដែលជាប់ជំពាក់នូវបំណុល ដោយរួមមានការផ្អាកការទូទាត់ លក្ខខណ្ឌផ្តល់ប្រាក់កម្ចីយូរជាងមុខ និងអត្រាការប្រាក់ទាប។

ដោយឡែកចំពោះវិបត្តិនៅមីយ៉ាន់ម៉ា លោក ហ្គូតឺរ៉េស សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង លើស្ថានភាពនយោបាយ មនុស្សធម៌ សិទ្ធិមនុស្ស និងបានអំពាវនាវដល់របបយោធាមីយ៉ាន់ម៉ា ស្តាប់សេចក្តីប្រាថ្នារបស់ប្រជាជនខ្លួន ដោះលែងអ្នកទោសនយោបាយទាំងអស់ ហើយបើកទ្វារឆ្ពោះទៅរកការវិលត្រឡប់ទៅកាន់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យឡើងវិញ។

គួរបញ្ជាក់ថា បណ្តាមេដឹកនាំអាស៊ាន គ្រោងជួបពិភាក្សាជាមួយអង្គការសហប្រជាជាតិនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ (ម៉ោងក្នុងតំបន់)៕

ដោយ​៖ សហការី​


ចែករំលែក៖