ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីណៃនាំស្ដីពីទិសដៅការងារចំពោះមុខ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣។
នៅក្នុងសេចក្ដីជូនដំណឹងខាងលេីនេះ បានបញ្ជាក់ថា អនុលោមតាមផែនការយុទ្ធសាស្ត្រយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងក្នុងគោលបំណងបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧នៃរដ្ឋសភា និងគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ក៏ដូចជារំលឹកនូវគុណូបការៈ ការលះបង់ និងគំរូវីរភាពរបស់យុវជនជំនាន់មុន គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា សូមណែនាំដល់ គណៈកម្មាធិការ ស.ស.យ.ក រាជធានី-ខេត្ត នូវទិសដៅការងារចំពោះមុខ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៣ ដូចតទៅ៖
1. ពិនិត្យលទ្ធភាពក្នុងការរៀបចំវគ្គបំប៉នសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ ដើម្បីឱ្យប្អូនៗត្រៀមខ្លួន បានកាន់តែប្រសើរក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ នាសម័យប្រឡង ៦-៧ វិច្ឆិកា ២០២៣ ខាងមុខនេះ។
2.ពិនិត្យលទ្ធភាពសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានរាជធានី-ខេត្ត លើការសម្របសម្រួលដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវមកប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ នាថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ នៅទីរួមខេត្ត និងទីតាំងប្រមូលផ្តុំមណ្ឌលប្រឡងដទៃទៀត ទៅតាមលទ្ធភាពដែលអាចធ្វើទៅបានទាំង កន្លែងស្នាក់នៅ កន្លែងទុកដាក់ កង់ ម៉ូតូ នៅក្រៅមណ្ឌលប្រឡង និងតម្រូវការចាំបាច់មួយចំនួន ទៀតតាមរយៈគ្រប់រូបភាព ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាករបស់ប្អូនៗ និងក្រុមគ្រួសារ។
3. បន្តអនុវត្ត “យុទ្ធនាការពលរដ្ឋល្អ” នៅក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ នៅតាមបណ្តាឃុំ-សង្កាត់ ដោយចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគណៈ កម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមចំណែកជាសាក្សីនៃដំណើរការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមាន។
4. ក្នុងឱកាសឆ្ពោះទៅកាន់ពិធីអបអរសាទរខួបទី៤៥ នៃថ្ងៃកំណើតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៣) សូមគណៈកម្មាធិការ ស.ស.យ.ក. គ្រប់ជាន់ថ្នាក់ ត្រៀមខ្លួន និង ផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវស្មារតី បុព្វហេតុ ការលះបង់នៃថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំងបំផុស ឱ្យសមាជិក សមាជិកា និងរចនាសម្ព័ន្ធរបស់ខ្លួន បន្តផ្សព្វផ្សាយស្មារតីខាងលើ ដោយត្រៀមខ្លួនចូលរួម អបអរសាទរខួបទី៤៥ ឱ្យបានសកម្ម និងផុសផុល នាពេលខាងមុខ។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មាធិការ ស.ស.យ.ក.រាជធានី-ខេត្ត អនុវត្តតាមសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕
ដោយ៖ ស តារា