ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ចប់បើកការស៊ើបសួរ និងចោទប្រកាន់ជនបង្កដែលបើករថយន្តដឹកភេសជ្ជៈក្រុមហ៊ុន មីស៊ីល កិនមន្ត្រីពន្ធនាគារ (ម១) លោក ប៊ូ ទីនី អាយុ៣៨ឆ្នាំ បណ្តាលឱ្យស្លាប់ ជននេះត្រូវបានចោទពីបទ «បើកបរដោយខ្ជីខ្ជាធ្វេស ប្រហែសបណ្តាលឱ្យស្លាប់អ្នកដទៃ»។
ក្រោយចោទប្រកាន់ សំណុំរឿងត្រូវបានតំណាងអយ្យការបន្តបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរតាមនីតិវិធី នេះបើតាមមន្ត្រីនគបាលមូលដ្ឋាន បានឱ្យដឹងនៅព្រឹកថ្ងៃដដែលនេះ។
សូមរំលឹកថា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុនពេលកើតហេតុ គេបានឃើញបុរសជាមន្ត្រីពន្ធនាគារ (ម១) ព្រៃស ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IR-5060 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រៃស ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ត្រង់ចំណុចកើតហេតុបានចាប់ហ្វ្រាំងបង្ខំក៏ដួលម៉ូតូ ស្របពេលក៏មានរថយន្តដឹកភេជ្ជៈមីស៊ីល ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3F-8169 បើកបរមកពីក្រោយមិនជាន់ហ្រ្វាំង ហើយកិនជនរគ្រោះអូសប្រហែល៥ម៉ែត្រ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
ចំណែកអ្នកបើកបរ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ រួចនាំយកទៅប៉ុស្តិ៍ដើម្បីសួរនាំ។ ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងកើតហេតុ ហើយបានវាស់វែង និងយករថយន្ត និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ទៅតាមនីតិវិធី។ ចំណែកសព ក្រោយធ្វើកំណត់ហេតុរួចរាល់មត្ថកិច្ចជំនាញ បានប្រគល់ឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យទៅតាមប្រពៃណី។
បច្ចុប្បន្ន ជនត្រូវចោទជាអ្នកបើករថយន្តកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ អាចឃុំខ្លួនជាបណ្តោះអាសន្ននៅល្ងាចថ្ងៃទី៧ ខែកញ្ញា នេះហើយ៕
ដោយ ៖ រ៉ារ៉ា