ក្តីសង្ឃឹមតិចតួចរបស់ក្រុមសាធារណៈរដ្ឋអៀរឡង់ក្នុងវគ្គជម្រុះសម្រាប់ Euro 2024 ត្រូវបានធ្លាក់ចុះបន្ថែមទៀត ខណៈដែលក្រុមមាន់គកបារាំងបានឈ្នះយ៉ាងងាយស្រួលនៅកីឡដ្ឋាន Parc des Princes នៃក្រុមម្ចាស់ផ្ទះបារាំងក្នុងលទ្ធផល២ទល់០ កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ កញ្ញានេះ។
គ្រាប់បាល់ដ៏អស្ចារ្យរបស់ខ្សែបម្រើ Aurelien Tchouameni នៅនាទីទី១៩ ដែលជាកីឡាករលេងឲ្យក្រុមអធិរាជស Real Madrid បានធ្វើឱ្យក្រុមម្ចាស់ផ្ទះបារាំងនាំមុខមុនពេលសម្រាក។ កីឡាករបម្រុង Marcus Thuram ធានាបាននូវជ័យជម្នះក្នុងផ្ទះបន្ថែមទៀតនៅដើមតង់ទី២ ខណៈដែលកីឡាករបារាំងរូបនេះរកបាន១គ្រាប់បន្ថែមនៅនាទីទី៤៨ ធ្វើឲ្យបារាំងបន្តការឈ្នះ៥ប្រកួតជាប់ៗគ្នា។
យ៉ាងណាក៏ដោយ សម្រាប់ក្រុមអៀរឡង់វាជាការបរាជ័យលើកទី៣ក្នុងការប្រកួតចំនួន៤ដែលធ្វើឱ្យពួកគេស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ក្នុងពូល B។ឱកាសរបស់ក្រុមរបស់លោក Stephen Kenny ក្នុងការឈានទៅវគ្គចែកពូលឆ្នាំ២០២៤នារដូវក្តៅក្រោយនៅប្រទេសអាឡឺម៉ង់គឺដាច់ស្រយាល ប៉ុន្តែពួកគេត្រូវតែប្រមូលផ្តុំឡើងវិញយ៉ាងឆាប់រហ័ស ហើយសម្លឹងមើលដើម្បីស្តារយុទ្ធនាការរបស់ពួកគេនៅផ្ទះប្រទេសហូឡង់នៅថ្ងៃអាទិត្យ។
នៅពេលដែលបារាំងបានទៅលេងទីក្រុង Dublin កាលពីខែមីនា ក្រុមរបស់លោក Didier Deschamps បានគេចផុតជាមួយនឹងជ័យជម្នះ ១-០ដែលត្រូវបានដាក់នៅក្រោមសម្ពាធយ៉ាងខ្លាំងដោយក្រុមអៀរឡង់ដែលមានការលេងស៊ីចង្វាក់គ្នានៅពេលនោះ អ្នកចាំទីបារាំង Mike Maignan បានជួយសង្គ្រោះបាល់ជាញឹកញាប់ ប៉ុន្តែវាជារឿងប្លែកមួយនៅក្នុងរដ្ឋធានីរបស់បារាំង ដោយគ្រាប់បាល់របស់ Thuram បានធ្វើឱ្យបារាំងកាន់តែមានក្តីសង្ឃឹមក្រោយពីបន្ថែមគ្រាប់បាល់នៅតង់ទី២។
ខណៈពេលដែលមានមនុស្សតិចណាស់ដែលរំពឹងថា នឹងទទួលជ័យជម្នះរបស់ក្រុមអៀរឡង់ ការបរាជ័យចុងក្រោយរបស់ពួកគេបានធ្វើឱ្យពួកគេប្រឈមមុខនឹងភារកិច្ចដ៏ខ្លាំងក្លាមួយនៅក្នុងដំណើរស្វែងរករបស់ពួកគេដើម្បីមានសិទ្ធិសម្រាប់ការប្រកួតជាលើកដំបូងក្រោមការដឹកនាំរបស់លោក Kenny នៅព្រឹត្តិការណ៍យូរ៉ូ ក្នុងប្រទេសអាល្លឺម៉ង់ឆ្នាំក្រោយនេះ ៕
ដោយ៖ (រូបភាព ៖ BBC Sport)