ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅរសៀលនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីម្សិលមិញនេះ បានចូលរួមពិធីកាត់ខ្សែបូបើកសម្ពោធពិព័រណ៌អន្តរជាតិលើកទី១៧ (ITE-HCMC 2023) ក្រោមមូលបទ «ការតភ្ជាប់ កំណើន និងចីរភាព»។
បន្ទាប់មក លោករដ្ឋមន្រ្តី បានចូលរួមទស្សនាស្តង់ពិព័រណ៌ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសជាច្រើន។ ទន្ទឹមនឹងនេះ នៅពន្លាពិព័រណ៍របស់កម្ពុជា មានការសម្តែងរបាំជូនពរស្វាគមន៍ និងសិល្បៈវប្បធម៌ប្រពៃណី ដើម្បីបង្ហាញពីទេសចរណ៍វប្បធម៌ធម្មជាតិដ៏ល្អផូផង់របស់កម្ពុជា ព្រមទាំង មានការផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ដល់ប្រតិភូជាន់ខ្ពស់ទាំងអស់ផងដែរ។ ដោយឡែកសម្រាប់ផ្នែកឯកជន ដែលមានចំនួន ១១ក្រុមហ៊ុនក៏មានការណាត់ជួបរវាងដៃគូធុរកិច្ចទេសចរណ៍ លក់ផលិតផល និងកញ្ចប់ទេសចរណ៍ផ្សេងៗ ដើម្បីជម្រុញការមកទស្សនានៅកម្ពុជាផងដែរ។
ក្រោយពីបញ្ចប់ការទស្សនាតាមស្តង់ពិព័រណ៌លោករដ្ឋមន្រ្តី បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះស្ដីពី “ការយល់ដឹងអំពីបរិវត្តកម្មឌីជីថលក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍អន្តរជាតិ” ក្នុងវេទិកាទេសចរណ៍កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់។
នៅក្នុងវេទិកាទេសចរណ៍ដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមដែលរួមមាន៖ លោក Nguyen Triet អតីតប្រធានាធិបតី, លោក Truong Hoa Binh, អតីត ឧបនាយករដ្ឋមន្រ្តីវៀតណាម, លោក Tran Hong Ha ឧបនាយករដ្ឋមន្រ្តីវៀតណាម, លោក Nguyen Thien Nhan អគ្គលេខាធិការបក្សកុម្មុយនីស្តនៃទីក្រុងហូជីមិញ និងលោក Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម, ព្រមទាំងមានការចូលរួមពីអនុរដ្ឋមន្រ្តីទេសចរណ៍មីយ៉ាន់ម៉ា និងឡាវ តំណាងអាជ្ញាធរទេសចរណ៍ថៃ អគ្គកុងស៊ុលពីបណ្ដាប្រទេសនានា និងវិស័យឯកជន សរុបប្រមាណ២៥០នាក់។
គួរជម្រាបដែរថា នាល្ងាចថ្ងៃដដែលនោះដែរ មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បានរៀបចំទស្សនៈកិច្ចតាមដងទន្លេទីក្រុងហូជីមិញ និងអាហារពេលល្ងាចប្រកបដោយភាពស្និទ្ធស្នាល សប្បាយរីករាយជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសនីមួយៗដែលបានចូលរួមព្រឹត្តិការណ៍នេះដែរ៕
ដោយ៖សហការី