ភ្នំពេញ៖ ទីបំផុត! ក្រុមជនជាតិចិន៨នាក់ ដែលពាក់ព័ន្ធករណីចាប់ជំរិត និងកាន់កាប់អាវុធខុសច្បាប់ក្នុងរាជធានីភ្នំពេញ ត្រូវបានលោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារម្នាក់ៗ ចន្លោះពី១៨ឆ្នាំ ទៅ២២ឆ្នាំ តាមបញ្ញត្តិមាត្រា២៥៤ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទឈ្មោះTIAN HENGWEI ភេទប្រុស អាយុ៣៨ឆ្នាំ,ឈ្មោះMIAO QIANLONG ហៅMICHEAL ភេទប្រុស អាយុ៤០ឆ្នាំ ,ឈ្មោះZHU XINYU ហៅATY ភេទប្រុស អាយុ២៩ឆ្នាំ ,ឈ្មោះXU PANPAN ភេទប្រុស អាយុ៣៨ឆ្នាំ,ឈ្មោះBAI FUJUN ភេទប្រុស អាយុ៥១ឆ្នាំ ,ឈ្មោះWANG XIAO WEI ភេទប្រុស អាយុ៤២ឆ្នាំ,ឈ្មោះZHANG YUNLEI ហៅអាយួន ភេទ ប្រុស អាយុ៣៤ឆ្នាំ, ឈ្មោះZHANG YUNCHANG ភេទប្រុស អាយុ៣៤ឆ្នាំ,ឈ្មោះAH XING ភេទប្រុស ,ឈ្មោះHUANG TINGYUN ភេទប្រុស ,ឈ្មោះHUANG QIWU ភេទប្រុស និងបក្ស ពួក ត្រូវបានតំណាងអយ្យការដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ បង្ខាំងមនុស្សដោយខុស ច្បាប់ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតតាមមាត្រា ២៥៤ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចអគារ SKY VILLA ផ្លូវលេខ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងផ្ទះលេខ៣៩ ផ្លូវL០៤ បុរីជីបម៉ុង៦០ម៉ែត្រ ស្ថិតនៅភូមិស្រុក ចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងផ្ទះលេខ១៨A ផ្លូវM-០៥ បុរីប៉េងហូត៥០ម៉ែត ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានី ភ្នំពេញ កាលពីថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៣ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ លេខ១៥៨៤ អ.យ.ជ ចុះថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ចៅក្រមស៊ើបសួរ បានធ្វើការស៊ើបសួរចប់សព្វគ្រប់ហើយ ។
គួរជម្រាបជូនថា ក្នុងសាលក្រមនោះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ក៏បានសម្រេចបណ្ដេញជនជាតិចិនទាំង៨នាក់នោះ ចេញពីប្រទេសកម្ពុជាផងដែរ បន្ទាប់ពីអនុវត្តទោសរួចរាល់។ បន្ថែមពីនេះ ក៏បានបង្គាប់ឲ្យឧក្រិដ្ឋជនទាំង៨នាក់ខាងលើនេះ រួមគ្នាសងសំណងចំនួន២៥ម៉ឺនដុល្លារ ទៅឲ្យដើមបណ្តឹង និងសំណងជំងឺចិត្តចំនួន (១០០លានរៀល) ផងដែរ។
ក្នុងសវនាការនោះដែរ លោក កូយ សៅ ក៏បានទុកសិទ្ធិឲ្យក្រុមជនជាតិចិនទាំងអស់ ធ្វើការប្ដឹងជំនាស់នឹងការសម្រេចនេះ ទៅតាមរយៈពេលច្បាប់កំណត់ផងដែរ។
គួរបញ្ជាក់ថា តុលាការបានបើកសវនាការជំនុំជម្រះទោស ក្រុមជនជាប់ចោទកាលពីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមបទចោទប្រកាន់ «បង្ខាំងមនុស្សដោយខុសច្បាប់ធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» យោងតាមមាត្រា ២៥៤ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅចំណុចអគារ SKY VILLA ផ្លូវលេខ១៦៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងផ្ទះលេខ៣៩ ផ្លូវL០៤ បុរីជីបម៉ុង៦០ម៉ែត ស្ថិតនៅភូមិស្រុក ចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងផ្ទះលេខ១៨A ផ្លូវM-០៥ បុរីប៉េងហូត៥០ម៉ែត ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានី ភ្នំពេញ កាលពីថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៣។
កម្លាំងសមត្ថកិច្ចនាយកដ្ឋានចារកម្ម និងនាយកដ្ឋានកណ្ដាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួន និងបញ្ជូនខ្លួនក្រុមជនជាប់ចោទខាងលើទៅតុលាការ កាលពីអំឡុងពាក់កណ្ដាលខែមេសា ឆ្នាំ២០២៣ ក្នុងករណីចាប់ជំរិតទារប្រាក់ពីជនជាតិចិនដូចគ្នាប្រមាណ១០លានដុល្លារ៕
ដោយ ៖ រ៉ារ៉ា