សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានផ្សាយថា ក្រសួងការបរទេសចិន បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ឧបនាយករដ្ឋមន្រ្តីចិនមួយរូប នឹងទៅបំពេញដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅប្រទេសរុស្ស៉ី។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ាវ នីង (Mao Ning) បាននិយាយក្នុងថ្លែងការណ៍យ៉ាងដូច្នេះថា «តបតាមការអញ្ជើញនៃរដ្ឋាភិបាលសហព័ន្ធរុស្ស៉ី លោក ចាង គួរឈីង (Zhang Quoqing) ដែលជាសមាជិកនៃការិយាល័យនយោបាយ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាឧបនាយករដ្ឋមន្រ្តីចិន នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉្លាឌីវ៉ូស្តុក (Vladivostok) ដើម្បីចូលរួមព្រឹត្តិការណ៍ វេទិកាសេដ្ឋកិច្ចភាគខាងកើតលើកទី៨ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកញ្ញា»។ វេទិកាសេដ្ឋកិច្ចនេះ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ទី១៣ ខែកញ្ញា ត្រូវបានចូលរួមដោយក្រុមអ្នកតំណាងមកពីប្រទេសចំនួន៦៨ កាលពីឆ្នាំមុន។
ក្នុងពេលស្របគ្នានេះ ប្រតិភូចិនដែលដឹកនាំដោយឧបនាយករដ្ឋមន្រ្តីចិនម្នាក់ទៀត គឺលោក លីវ គួរចុង (Liu Guozhong) ក៏នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងផងដែរ ដើម្បីចូលរួមពិធីប្រារព្ធខួបនៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង ក្នុងសប្តាហ៍នេះ៕
ដោយ៖ ធីរីណា(រូបថត៖ tuoitre.vn)