ព័ត៌មានទាន់ហេតុការណ៍៖

ទំនងស្រវឹងស្រាបើករថយន្តToyota Prius បុកបង្កាន់ដៃស្ពានស្ទឹងមានជ័យ ក្រឡាប់ផ្ងារជេីងទ្រមេឃ

ចែករំលែក៖

ភ្នំពេញ  ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា​ បានបេីករថយន្ត Toyota Prius មួយគ្រឿងលឿនពេកបានរេចង្កូតបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារជេីងទ្រមេឃ​ និងបាក់ផ្លាកសញ្ញាចរាចរណ៍មួយដេីម កាលពីវេលាម៉ោង១២និង៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២៣ ត្រង់ចំណុចគល់ស្ពានអាកាស ស្ទឹងមានជ័យ ផ្លូវលេខ២៧១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

    បេីតាមប្រភពបានឱ្យដឹងថា ដំបូងគេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាក Toyota Prius ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BF-1241 ធ្វើដំណើរក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង ,ខណៈមកដល់ចំណុចកើតហេតុខាងលើទំនងជាស្រវឹងស្រា បានរេចង្កូតមកបុកបង្កាន់ដៃស្ពានអាកាស ស្ទឹងមានជ័យ ពេញទំហឹង បណ្ដាលឱ្យក្រឡាប់ផ្ងារកង់ច្រងាង និងបាក់ផ្លាកសញ្ញាចរាចរណ៍មួយដើមទៀត តែអ្នកបើកបរ គ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទងទៅខាងជំនាញចរាចរណ៍រាជធានីភ្នំពេញ ឲ្យចុះមកវាស់វែង និង ស្ទូចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖