ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយរកឃើញសពនៅក្នុងចម្ការក្រោយផ្ទះពេលផឹកសុីបាត់ខ្លួនមួយយប់

ចែករំលែក៖

ខេត្តរតនគិរី៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចសហការគ្នាចាប់ខ្លួនពាក់ព័ន្ធនឹងអំពើឃាតកម្មប្រើពូថៅកាប់ទៅលើមិត្តភក្តិ ហើយអូសសពយកទៅចោលនៅក្រោយផ្ទះ ខណៈដែលប្រពន្ធជនរងគ្រោះបាត់ប្តីតាមរកក៏ប្រទះឃើញសាកសព។

    ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២៣ ក្រោយពីប្រពន្ធជនរងគ្រោះបាត់ប្តីមួយយប់តាមរកក៏ប្រទះឃើញសាកសពប្ដី។

ក្រោយពីប្រទះឃើញសាកសពសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗដែរ។

    តាមការសាកសួរប្រពន្ធជនរងគ្រោះបានឱ្យដឹងថា នៅល្ងាចថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២៣ប្តីគាត់បានសុំទៅផឹកសុីហើយបាត់មួយយប់។ លុះព្រឹកឡើងម៉ោង៨គាត់ជាប្រពន្ធបានតាមរកក៏ប្រទះឃើញសពប្ដីដេកស្លាប់នៅក្នុងចម្ការដំឡូងក្រោយផ្ទះមិត្តភក្តិទៅហើយ ដោយមានស្នាមរបួសត្រង់ថ្គាម។

    ជនរងគ្រោះឈ្មោះសឿន ប៉េងហោងហៅទូច ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ១ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

    ចំណែកជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះណុប ណាវីតហៅប៉េស ភេទប្រុស អាយុ២៥ឆ្នាំ ពួកគេជាកសិករ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។

    សមត្ថកិច្ចបានធ្វើការពិនិត្យឃើញលើសពជនរងគ្រោះត្រូវរងការកាប់មួយពូថៅចំថ្គាមខាងឆ្វេងស្លាប់នៅមុខផ្ទះជនសង្ស័យ ឃើញមានស្នាមអូសសពទៅចោលក្នុងចម្ការដំឡូងខាងក្រោយផ្ទះប្រហែល៣០ម៉ែត្រ។

    ពេលសមត្ថកិច្ចទៅដល់ជនសង្ស័យ បានកាន់ពូថៅមួយជាប់នៅដៃ រួចគ្រវីចុះគ្រវីឡើងមិនឱ្យសមត្ថកិច្ចចូលទៅក្បែរសួរនាំជុំវិញឃាតកម្មមនុស្សស្លាប់នៅខាងក្រោយផ្ទះខ្លួននោះទេ។

ពេលនោះកម្លាំងកងរាជអាវុធហត្ថស្រុកសហការជាមួយកម្លាំងអធិការដ្ឋានស្រុកកូនមុំបានព្យាយាមចូលទៅចាប់ខ្លួនជនសង្ស័យនោះបានភ្លាមៗនិងស្រាវជ្រាវរកអ្នកពាក់ព័ន្ធបញ្ជូនទៅអធិការដ្ឋានស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។ 

    ឈ្មោះ ព្រឹប ដែលបានចូលរួមផឹកសុីបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ នៅវេលាម៉ោង៤រសៀលជនរងគ្រោះបានជិះម៉ូតូទៅផ្ទះគាត់(ព្រឹប)ហើយបានជួបជុំគ្នាពីរបីនាក់ផឹកសុីរហូតដល់ម៉ោង៥ល្ងាចក៏សុំទៅផ្ទះមុនជិះម៉ូតូម្នាក់ឯងកាត់មុខផ្ទះជនសង្ស័យខាងលើ។

ជនរងគ្រោះមិនបានទៅដល់ផ្ទះនោះទេ លុះព្រឹកឡើងប្រពន្ធឆោឡោដើរសួរគេឯងរកប្ដីគ្រប់ច្រកល្ហក ហើយមានគេប្រាប់ថាយប់មុិញឃើញទៅជួបជុំផឹកសុីនៅចំណុចភូមិកើតហេតុ។ ពេលនោះប្រពន្ធជនរងគ្រោះបានទៅដល់កន្លែងផឹកសុីក៏ប្រទះឃើញសពប្ដីដេកស្លាប់ស្ដូកស្ដឹងក្នុងចម្ការដំឡូងរបស់ជនសង្ស័យឈ្មោះណុប ណាវីត រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយសមត្ថកិច្ចពិនិត្យរួចក៏បានប្រគល់សពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖