ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់ក្នុងចំណោម៤ទៅ៥នាក់ទៅលេងទឹកអន្លង់បឹងខៀវខាងជើងភ្នំពង្រកងវ៉ាបានលង់ទឹកស្លាប់ហើយបានរកឃើញសពនៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់កំពង់ស្វាយបានប្រាប់ថា មុនកើតហេតុមានយុវជន៤ទៅ៥នាក់បាននាំគ្នាទៅលេងទឹកអន្លង់(បឹងខៀវ)បណ្តាលឱ្យលង់ទឹកស្លាប់ម្នាក់មានអាយុ១៣ឆ្នាំ រស់នៅភូមិ.សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក្រោយមន្ត្រីជំនាញបានពិនិត្យឃើញថា យុវជនដែលបានស្លាប់នេះគឺស្លាប់ដោយសារលង់ទឹក។
មន្ត្រីនគរបាលប៉ុស្តិ៍បានបញ្ជាក់ថា៖ តាមសម្តីមិត្តភក្តិជនរងគ្រោះបានអោយដឹងថា នៅពេលមានគ្រោះថ្នាក់កើតឡើងពួកគេ៥នាក់បានមកលេងទឹកនៅអន្លង់(បឹងខៀវ)នៅចន្លោះជើងភ្នំព្រងកងវ៉ានត្រង់ចំណុចដែលកាយយកអាចម៍ដីលក់មានរណ្តៅជម្រៅជិត៣ម៉ែត្រ ហើយបានលង់ទឹកម្នាក់លិចបាត់ ខណៈនោះមិត្តភក្តិទៅលេងជាមួយបានស្រែកនិងរត់ទៅរកអ្នកជិតខាងអោយជួយ ប៉ុន្តែនៅពេលមកជួយរុករករយៈពេលជាងកន្លះម៉ោងទើបប្រទះឃើញស្រង់ឡើងគោក តែអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
មន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់កំពង់ស្វាយបានបញ្ជាក់ថា៖ ក្រោយរុករកឃើញសពយុវជនលង់ទឹកបាននាំគ្នាស្រង់ឡើងគោកនិងជួយសង្គ្រោះដោយយកដៃសង្កត់ជំនួយចង្វាក់បេះដូងដែរ តែជនរងគ្រោះបានអស់ខ្យល់ស្លាប់បាត់បង់ជីវិតទៅហើយ។ ក្រោយមន្ត្រីនគរបាលជំនាញពិនិត្យរួចរាល់សពរងគ្រោះត្រូវបានរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណដឹកយកទៅជូនគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ វណ្ណា