ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ សមត្ថកិច្ចបញ្ជូនក្មេងទំនើងចំនួន១៦នាក់ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្មេងទំនើងដេញកាប់ទៅលើកម្មករហាងស្រាក្រឡុកចំនួនចំនួន១៦នាក់ត្រូវនគរបាលបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖កាលពីរំលងអធ្រាត្រចូលថ្ងៃទៅ០៧ ខែកញ្ញា ឆ្នាំ២០២៣នៅចំណុចវេទិកាសួនមានជ័យស្ថិតភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មានករណីក្មេងទំនើង១ក្រុមបានជិះមកធ្វើសកម្មភាពកាប់ចាក់គ្នានិងគប់ទៅវិញទៅមកជាមួយកម្មករហាងស្រាក្រឡុងនិងហាងបបរ.ស បណ្តាលមានអ្នករបួសនិងខូចខាតហើយប្រជាពលរដ្ឋនៅជិតខាងមានការព្រួយបារម្ភធ្វើប៉ះពាល់ភូមិ.ឃុំគ្មានសុវត្ថិភាព។

លោកបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណបានចុះអន្តរាគមន៍និងបង្ក្រាបឃាត់ខ្លួនជាបន្តបន្ទាប់បានចំនួន១២នាក់ និងកម្លាំងកងរាជអាវុធហត្ថក្រុងបានឃាត់បានចំនួន៤នាក់សរុបបានចំនួន១៦នាក់មានប្រុស.ស្រីនិងរឹបអូសបានវត្ថុតាងមានកាំបិតចំនួន៣ដើម និងមធ្យោបាយម៉ូតូចំនួន៥គ្រឿង។

ក្រោយឃាត់ខ្លួនក្រុមក្មេងស្ទាវទំនើងដែលធ្វើសកម្មភាពកាប់ចាក់គ្នាដែលបង្ក្រាបរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់០៨ ខែកញ្ញា ឆ្នាំ២០២៣ចាប់បានចំនួន១៦នាក់និងវត្ថុតាងត្រូវបាននាំយកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណហើយបានរៀបសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖