ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ​ដែល​បាន​បង្កើត​តេ​ឡេ​ក្រាម (Telegram)ក្លែងក្លាយ ដោយ​ដាក់​រូបថត និង​ឈ្មោះថ្នាក់ដឹកនាំ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំង​ជំនាញ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កាលពី​រសៀល​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២៣ បាន​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ដោយ​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ រ៉ែ​ម គង់នៅ​ដា​រ៉ា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ដែល​បាន​បង្កើត​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​តេ​ឡេ​ក្រាម (Telegram) ដាក់​ឈ្មោះ​ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ អគ្គមេបញ្ជាការ​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ និង​ដាក់​ឈ្មោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គន់ គី​ម ដោយ​បាន​ធ្វើ​សកម្មភាព​ទាក់ទង​ទៅ​អ្នកមាន​ទំនាក់ទំនង​ស្គាល់ ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ និង​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គន់ គី​ម ដើម្បី​ឆបោក​ឱ្យ​ផ្ញើ​ប្រាក់ ក្រោម​រូបភាព​គៀរគរ​ប្រាក់​យក​ទៅ​ជួយ​គ្រួសារ​ទ័ព ។

គួរ​បញ្ជាក់​ថា ៖ កាលពី​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៣ ឧត្តមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ មេបញ្ជាការ​ទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ បាន​ចេញ​សេចក្តី​បដិសេធ លើ​គណនី​តេ​ឡេ​ក្រាម (Telegram) មួយ​ដាក់​ឈ្មោះ Mao Sophan និង​រូបថត​ឯកឧត្តម ដែល​បាន​ផ្ញើ​សារ​ទៅ​អ្នក​ដទៃ​គៀរគរ​ប្រាក់ និង​បាន​ស្នើ​សុំ​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។

ដូច​គ្នា​ដែរ កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៣ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី គន់ គី​ម ក៏​បាន​ប្រកាស​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដែល​បាន​បង្កើត​តេ​ឡេ​ក្រាម (Telegram) ដោយ​ដាក់​រូបថត និង​ឈ្មោះ “​គន់ គី​ម​” ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់​បន្ត ៕

ដោយ ៖ សហការី


ចែករំលែក៖