ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva កាលពីថ្ងៃទី៩ខែកញ្ញា បានបង្ហាញពីគោលបំណងចង់ឱ្យប្រធានាធិបតីរុស្ស៊ី លោកពូទីន ចូលរួមនៅក្នុងកិច្ចប្រជុំប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនខ្ពស់ទាំង២០នៅលើពិភពលោក ។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលលោកពូទីននិងប្រធានាធិបតី ស៊ី ជីនពីង អវត្តមាននៅក្នុងកិច្ចប្រជុំនៅប្រទេសឥណ្ឌា។
សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ឆ្នាំ២០២៣បានផ្សាយថា ថ្លែងក្នុងបទសម្ភាសន៍មួយ នៅក្រៅកិច្ចប្រជុំកំពូល G20 ដែលប្រព្រឹត្តទៅនៅទីក្រុងញូវដេលីនៃប្រទេសឥណ្ឌា លោក Lula បាននិយាយថា លោក ពូទីន នឹងទទួលបានការអញ្ជើញឱ្យចូលរួមកិច្ចប្រជុំឆ្នាំ២០២៤ ហើយលោកបានបន្តថា «ខ្ញុំជឿថាលោក ពូទីន អាចធ្វើដំណើរទៅប្រេស៉ីលបានយ៉ាងងាយស្រួល។ អ្វីដែលខ្ញុំអាចអះអាងបាន គឺប្រសិនបើខ្ញុំនៅជាប្រធានាធិបតីប្រេស៉ីល ហើយលោក ពូទីនធ្វើដំណើរទៅកាន់ប្រេស៉ីល គឺគ្មានផ្លូវឡើយដែលលោក ពូទីន នឹងត្រូវចាប់ខ្លួននៅទីនោះ»។
កាលពីខែមីនា ឆ្នាំនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានសម្រេចចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៉ី ពាក់ព័ន្ធនឹងការចោទប្រកាន់ឧក្រិដ្ឋកម្មសង្រ្គាមនៅអ៊ុយក្រែន។ ប្រេស៉ីលក៏ជាប្រទេសហត្ថលេខីមួយផងដែរ នៃលក្ខន្តិកៈទីក្រុងរ៉ូមស្តីពីតុលាការ ICC។ លោក ពូទីន បានសម្រេចចិត្តមិនចូលរួមកិច្ចប្រជុំអន្តរជាតិជាច្រើន រួមមានកិច្ចប្រជុំកំពូល G20 នាចុងសប្តាហ៍នេះនៅឯប្រទេសឥណ្ឌា ដោយលោកបានបញ្ជូនរដ្ឋមន្រ្តីការបរទេសរុស្ស៉ី ឱ្យចូលរួមជំនួស៕ ដោយ៖ ធីរីណា
រូបថត៖ RIA NOVOSTI